(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់ សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០ ដែលសហការរៀបចំដោយ សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបញ្ចប់វគ្គផ្ដាច់ព្រ័ត្រ ដោយជោគជ័យ ដោយមានបេក្ខជនចំនួន១៥រូប តំណាងឲ្យ១៥ ក្រុមហ៊ុនមកពី ៥ តំបន់ក្នុងប្រទេសកម្ពុជា ឡើងមកធ្វើបទបង្ហាញពីគំរូអាជីវកម្មរបស់ខ្លួន ដើម្បីដណ្ដើមជ័យលាភីសហគ្រិន ថ្នាក់ជាតិនេះ។
ក្រោយការប្រកួតប្រជែងរយៈពេលមួយថ្ងៃពេញបានបញ្ចប់ ជ័យលាភីទាំង៣រូប ត្រូវបានរកឃើញ ដែលចំណាត់ថ្នាក់លេខមួយបានទៅលើ លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ខេធីខេ រាជធានីភ្នំពេញ រីឯចំណាត់ថ្នាក់លេខ ២ បានទៅលើ កញ្ញា ថូង ធីតា ស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ ខេត្តកំពត និងចំណាត់ថ្នាក់លេខ ៣ បានទៅលើ លោក ឈឹម ចាន់ឆាយា ម្ចាស់កសិដ្ឋាន ហង្ស ម៉ាច ខេត្តតាកែវ។
កម្មវិធីប្រកាសរង្វាន់ជ័យលាភីពានរង្វាន់ សហគ្រិនភាពថ្នាក់ជាតិឆ្នាំ ២០២០ បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ លោក លឹម អូន ប្រធាននាយកប្រតិបត្តិ ធនាគារស្ថាបនា គណៈកម្មការ វាយតម្លៃ និងដាក់ពិន្ទុ ព្រមទាំងភ្ញៀវកិត្តិយសទាំងតំណាងស្ថាប័នរដ្ឋ និងឯកជនជាច្រើនរូបទៀត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ បានសហការគ្នាជាមួយនឹង វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងធនាគារ ស្ថាបនា ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងសហគ្រិនភាពថ្នាក់ជាតិ ឆ្នាំ ២០២០ នេះឡើងក្នុងគោលបំណងផ្សព្វផ្សាយសហគ្រិនភាពនៅកម្ពុជា និងពង្រីកភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ។
កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនភាពថ្នាក់ជាតិឆ្នាំ ២០២០ បានប្រព្រឹត្តិទៅអស់រយៈពេលជិត ៣ ខែកន្លងមកហើយ ដោយមានការជម្រុះពីវគ្គតំបន់់រហូតដល់ថ្នាក់រាជធានី។ គណៈកម្មការរៀបចំកម្មវិធី បានទទួលពាក្យស្នើសុំចូលរួមកម្មវិធីសរុប ១៨១ និងបានធ្វើការសសម្រឹតសម្រាំងយកតែសហគ្រិន ដែលមានលក្ខខណ្ឌឆ្លើយតបទៅនឹងគោលការណ៍ជ្រើសរើសបានចំនួន ៧៥ ដើម្បីចូលរួមធ្វើបទបង្ហាញនៅវគ្គជម្រុះ ក្នុងតំបន់ទាំង ៥ ដែលមានដូចជា៖ កណ្ដាល សៀមរាប បាត់ដំបង ស្វាយរៀង និងកំពត។
ដោយឡែក មានតែបេក្ខជនឆ្នើម ១៥ រូបប៉ុណ្ណោះ ត្រូវបានទទួលចំណាត់ថ្នាក់ ចូលរួមប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានលើកឡើង ក្នុងកម្មវីធីប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភីសហគ្រិនថ្នាក់ជាតិឆ្នាំ ២០២០ ពីមូលហេតុសំខាន់ៗ ៣ ដែលជម្រុញឱ្យមានការប្រារព្ធកម្មវិធីនេះឡើងថា កិច្ចសហប្រតិបត្តិការរវាង សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងនេះ គឺធ្វើឡើងដោយផ្អែកលើ មូលហេតុ សំខាន់ៗ ៣៖
ហេតុផលទី១៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានណែនាំដោយផ្ទាល់មកកាន់ សហគ្រិនខ្មែរ ឱ្យស្វែងរកដៃគូ ដែលមានសក្ដានុពល ដើម្បីបង្កើតការប្រកួតប្រជែងមួយ ដែលជម្រុញឱ្យមាន ការលើកកម្ពស់វប្បធម៌សហគ្រិនភាព។
ហេតុផលទី២៖ ការផ្ដួចផ្ដើមបង្កើតកម្មវិធីនេះ ក៏ឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍវិស័យឯកជន ក៏ដូចជាអនុសាសន៍របស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចង់ឱ្យមានការ ប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិមួយ ដើម្បីជម្រុញ និងលើកទឹកចិត្តដល់សហគ្រិនគ្រប់រូប ឱ្យមានភាពក្លាហាន និងមានឱកាសចូលរួមធ្វើបទបង្ហាញ ពីអាជីវកម្មរបស់ខ្លួន។
ហេតុផលទី៣៖ ស្របពេលនោះដែរ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក៏បានទទួល អនុក្រឹត្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនភាពថ្នាក់ជាតិ ដើម្បីបង្កើតឱ្យមាន ការចូលរួមពីសហគ្រាស ធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីគ្រប់តំបន់នៅក្នុង ប្រទេសកម្ពុជា។
លោកបន្តថា ដោយសម្លឹងឃើញពីហេតុផលទាំង ៣ នេះមានគោលដៅរួម សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ ក៏បានរៀបចំ កម្មវិធី ប្រកួតប្រជែងពានរង្វាន់សហគ្រិនភាពថ្នាក់ជាតិឆ្នាំ ២០២០ នេះឡើង។
លោបណ្ឌិតបានបញ្ជាក់បន្ថែមថា ការចូលរួមពីបេក្ខជនគ្រប់រូប ចាប់តាំងពីវគ្គជម្រុះតាមតំបន់ រហូតមកដល់ វគ្គចុងក្រោយនេះ គឺឆ្លុះបញ្ជាំងពីស្មារតីប្រកួតប្រជែង តស៊ូ និងគំនិតបង្កើតថ្មី ដែលសហគ្រិនគួរប្រកាន់ខ្ជាប់ ហើយក៏ឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្រចតុកោណទី ៤ ដែលរាជរដ្ឋាភិបាលបានតាក់តែង។ ការប្រកូតប្រជែងបែបនេះ ក៏ផ្ដល់នូវឱកាសឱ្យសហគ្រិនគ្រប់រូប មានឱកាសស្វែងយល់ពីគំរូអាជីវកម្មផ្សេងៗ របស់ដៃគូ និងទីផ្សារបន្ថែមទៀត។
បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងថា «ការរៀបចំកម្មវិធី ពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ ២០២០នេះ គឺជាការចូលរួមបន្ថែម ទៅលើការគាំទ្ររបស់ រាជរដ្ឋាភិបាលខាងលើ ដែលសំដៅមិនត្រឹមតែ ដើម្បីទទួលស្គាល់សមិទ្ធិផលឆ្នើម របស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើតបណ្តាញតភ្ជាប់សម្រាប់សហគ្រិនធ្វើការផ្លាស់ប្តូរគំនិត បទពិសោធន៍ និងការអនុវត្តល្អ ឱកាស ក្នុងការបង្កើតភាពជាដៃគូសហការគ្នា ការបង្កើនការយល់ដឹង និងបណ្តុះស្មារតីសហគ្រិនភាពសម្រាប់យុវជន ជំនាន់ក្រោយផងដែរ»។
លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់សហគ្រិនជ័យលាភី និងជាប់ចំណាត់ថ្នាក់ចុងក្រោយទាំងអស់ «ត្រូវបន្តសាកល្បងជាប្រចាំនូវគំនិតថ្មី និងវិធីប្រកបដោយនវានុវត្តន៍ បន្តអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីអាចអនុវត្តនូវគំនិតថ្មីទាំងនេះ ព្រមទាំងអភិវឌ្ឍសមត្ថភាពក្នុងការទប់ទល់ជាមួយនឹងការវិវត្តដែលមិនអាច ទាយទុកមុនបាន» និងអំពាវនាវសារជាថ្មីផងដែរដល់សហគ្រិនទាំងអស់អោយ «បន្តចូលរួមក្នុងភាពជាដៃគូ រវាងរដ្ឋនិងឯកជន ដូចជាការរៀបចំកម្មវិធីឆ្នាំនេះ និងសហការជាមួយគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដើម្បីផ្តល់ការណែនាំហ្វឹកហាត់ជំនាញ និងផ្តល់បទពិសោធន៍ផ្នែកសហគ្រិនភាព ដល់សិស្ស និស្សិតដែលមានបំណងចាប់ផ្តើមធុរកិច្ចថ្មី»។
គួរបញ្ចាក់ផងដែរថា សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង ធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូ អ្នកពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យ ក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅក្នុងស្រុក ក្នុងគោលបំណងបង្កើតចំនួនធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពលនៅក្នុង វិស័យអាទិភាពដូចជា វិស័យព័ត៌មានវិទ្យា សេវាកម្ម កសិកម្ម និង ផលិតកម្ម ឱ្យបានច្រើនដើម្បីចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕