(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ និងជាអភិបាលស្រុក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំសហការី ជាយុវជនកាកបាទក្រហម សិស្សវិទ្យាល័យ ហ៊ុន សែន បារាយណ៍ បាននាំយកអំណោយរបស់កាកបាទក្រហម និងអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរាទីទ័លក្រ គ្មានទីពឹងចំនួន២គ្រួសារ នៅឃុំបឹង។
ប្រជាពលរដ្ឋទាំង២គ្រួសារនោះរួមមានទី ១លោកតាសោម ដុប នៅភូមិបឹងត្បូង និងទី២.លោកយាយ សៅ ខន នៅភូមិបឹងកណ្តាលដោយមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គក, មី១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកដោះគោស្កស, ឃីត១, កន្ទេល១និងប្រាក់ ១០០.០០០រៀល។ ម្ចាស់រមណីយដ្ឋានបឹងសំរិទ្ធិ ក៏បានឧបត្ថម្ភប្រាក់២៥០.០០០រៀល និងលោក ញ៉ែម ពីង ប្រធានការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ឧបត្ថម្ភប្រាក់១០០.០០០រៀលផងដែរ។
លោក ហាក់ ម៉ុងហួត បានលើកឡើងថា ថ្នាក់ដឹកនាំស្រុក តែងតែយកចិត្ត ទុកដាក់ទៅលើ មនុស្សចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រាគ្រប់ពេលវេលា មិនឲ្យស្លាប់ដោយសារអត់បាយនោះឡើយ ហើយអាជ្ញាធរនឹងខិតខំជួយដោះស្រាយបញ្ហា ដែលកើតមានឡើងទាំងនេះ៕