(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមក្នុងការអភិរក្សព្រៃឈើធម្មជាតិ ក៏ដូចជាការចូលរួមបំផុសដល់យុវជនជំនាន់ក្រោយ ឲ្យចេះស្រឡាញ់នូវធនធានធម្មជាតិ ពិសេសឲ្យយុវជនមានការយល់ដឹងពីតម្លៃព្រៃឈើ និងបណ្ដុះគំនិតក្នុងការដាំព្រៃឈើឡើងវិញនោះ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំយុវជននៃសមាគមសម្ព័ន្ធយុវជន មូស្លីមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រមាណចំនួន៩៧នាក់ នាំយកកូនឈើប្រណីតចំនួន៣៧០ដើម ទៅដាំនៅជុំវិញបឹង និងលើខ្នងទំនប់ព្រៃពារ និងអូរតាសោម ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការចូលរួមដាំដើមឈើពីក្រុមយុវជន នៃសម្ព័ន្ធសមាគមមូស្លីមកម្ពុជាថ្ងៃនេះ គឺមានបំណងចូលរួមដាំដើមឈើ ដើម្បីថែរក្សាការពារធនធានធម្មជាតិឲ្យបានល្អ និងការពារការបាក់ច្រោះដី និងដើម្បីបង្កើតឲ្យមានសោភ័ណភាពបែបធម្មជាតិស្រស់ត្រកាល សម្រាប់ឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ពិសេសការដាំកូនឈើនេះ គឺក្រោមប្រធានបទ«ដាំដើមឈើសម្រាប់យុវជនជំនាន់ក្រោយ»។
ក្នុងឱកាសនោះ លោក សាន់ យូ អភិបាលរងខេត្ត បានបញ្ជាក់ថា ការដាំដើមឈើនៅតំបន់ជុំវិញមាត់បឹង និងខ្នងទំនប់ខាងលើនេះ ដោយបានទទួលកិច្ចសហការគាំទ្រផ្តល់កូនឈើពីក្រសួងបរិស្ថាន និងមួយចំនួនទៀត បានមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង គឺក្នុងគោលដៅបណ្ដុះគំនិតយុវជនឲ្យចេះស្រឡាញ់ និងអភិរក្សនូវធនធានធម្មជាតិផង និងក្នុងគោលដៅពង្រឹងសហគមន៍ ឲ្យមានភាពប្រសើរឡើង ពិសេសឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅ ស្តីពីអត្ថប្រយោជន៍ នៃការអភិរក្សធនធានធម្មជាតិ និងចូលរួមគ្រប់គ្រងប្រកបដោយនិរន្តរភាព តាមរយៈការអប់រំផ្សព្វផ្សាយ ការពារ និងដាំដុះកូនឈើឡើងវិញផងដែរ៕