(កំពង់ធំ)៖ ក្រោយពីការស៊ូទ្រាំលំបាកអស់រយៈកាលជាច្រើនឆ្នាំ អ្នកភូមិបានឯកភាពគ្នា រួមសហការក្នុងការជួសជុលផ្លូវរទេះចាស់ពីបុរាណ នៅភូមិម្សាក្រងជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជ្រៅចង្អៀតដុះដើមឈើជិតស្ទើរតែបាត់រូបរាងដើម និងបង្កើតផ្លូវថ្មី ហើយបានទិញដីពីប្រជាពលរដ្ឋ ដើម្បីតភ្ជាប់ផ្លូវនេះ មកផ្លូវមួយទៀតក្នុងភូមិ ដែលពីដើមផ្លូវនេះជាផ្លូវទ័ល ដែលអ្នកភូមិមិនអាចចេញចូលរួចឡើយ ។
ដោយឃើញរួបរួមសាមគ្គី សហការគ្នា ព្រមទាំងមានទំនួលខុសត្រូវរបស់អ្នកភូមិម្សាក្រងជើងបែបនេះ លោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានជួយចេញថ្លៃដែលជំពាក់គេចំនួន៨,៦៨៤,០០០រៀល ដែលជាការចូលរួមលើកទឹកចិត្តជាមួយអ្នកភូមិ ហើយក៏ជាចំណងដៃថ្មីមួយទៀតសម្រាប់អ្នកស្រុកស្ទោង ខេត្តកំពង់ធំ។
ភូមិម្សាក្រងជើង គឺជាភូមិមួយក្នុងចំណោមភូមិទាំង១១ ដែលស្ថិតនៅក្នុងឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមការបញ្ជាក់របស់លោក ចន វុទ្ធី ប្រធានក្រុមប្រឹក្សាឃុំ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅឃុំម្សាក្រង រស់នៅអមសងខាងតាមបណ្ដោយដងស្ទឹងស្ទោង រហូតទៅដល់ប៉ែកខាងក្រោមឆ្ពោះទៅកាន់បឹងទន្លេសាប មានប្រជាពលរដ្ឋចំនួន ១០,៦៤៩នាក់ ស្រី៥,៨៦៥នាក់ ដោយប្រកបមុខរបរកសិកម្ម ។
លោកបានបន្តថា ដោយមានការលំបាកក្នុងការធ្វើដំណើរពីក្នុងភូមិទៅស្រែចំការ ពិសេសនៅរដូវវស្សា ត្រូវធ្វើដំណើរកាត់ទឹកកាត់ភក់ដែលពេលខ្លះត្រូវបង្ខំចិត្តលើកដៃហែករបង និងរុកក្រោមផ្ទះអ្នកភូមិជាដើម ដើម្បីបានបន្តដំណើរទៅមុខទៀតយ៉ាងលំបាកវេទនា។
គួរំលឹកថា សមិទ្ធផលថ្មីនៅភូមិម្សាក្រងជើងនេះមានប្រវែង២,០០០ម៉ែត្រ ជើងក្រោម៧ម៉ែត្រ ខ្នងលើ៥ ម៉ែត្រកម្ពស់ ១ម៉ែត្រ លូមួយកន្លែងមុខកាត់ ០,៥ម៉ែត្រ ប្រវែង១០ម៉ែត្រ គឺបានកើតឡើងពីការចូលរួមបដិភាគទាំងកម្លាំងកាយចិត្ត ពិសេសថវិការបស់អ្នកភូមិដែលមួយគ្រួសារបានចំណាយ ៤០,០០០រៀល ព្រមទាំងបានមកពីសប្បរុរសជនជិតឆ្ងាយ ដែលទទួលបានថវិកាសរុប ១៥,៦៧២,៦០០រៀល។ ចំពោះការសាងសង់បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ទើបរួចរាល់ ជាមួយនឹងការចំណាយអស់ទឹកប្រាក់សរុប ២៤,៣៤៦,៦០០រៀល។
ចំណងដៃថ្មីនេះពិតជាជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋក្នុងភូមិ និងក្នុងសហគមន៍បានប្រសើជាងមុន អាចបង្កើនសេដ្ឋកិច្ចពួកគាត់បានមួយកម្រិតទៀត ហើយអ្នកភូមិម្សាក្រងជើងគ្រប់រូប សុទ្ធតែអបអរសាទរជាមួយផ្លូវថ្មីនេះគ្រប់ៗគ្នា ហើយបានលើកឡើងតាមសម្តេចថាមានផ្លូវល្អគឺ មានសង្ឃឹម៕