(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម បានលើកឡើងថា បើទោះបីគ្រោះរាំងស្ងួតបានបង្កផលប៉ះពាល់មួយចំនួន ដល់ការប្រមូលផលស្រូវសែនក្រអូបរបស់ប្រជាពលរដ្ឋក្តី ក៏កម្ពុជានៅតែធានាបាននូវសន្តិសុខស្បៀង ហើយការនាំចេញអង្កនៅឆ្នាំ២០២០នេះតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ការអះអាងយ៉ាងដូច្នេះរបស់ធនាគារអភិវឌ្ឍន៍បទ និងកសិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក កៅ ថាច បានអញ្ជើញចូលរួមប្រជុំ ពិនិត្យតាមដាន អំពីស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវវស្សា ការប្រមូលផលស្រូវដើមរដូវ និងការនាំចេញអង្ករ ឆ្នាំ២០២០ របស់ក្រុការងារ ក្នុងក្របខ័ណ្ឌគណៈកម្មកាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក បណ្ដិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ។
លោកអគ្គនាយកបានបញ្ជាក់ថា ជារួមអង្គប្រជុំពិនិត្យឃើញថា គិតត្រឹមខែសីហានេះ កសិករបានធ្វើការដាំដុះស្រូវរដូវវស្សា បានលឿនជាងបើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ការប្រមូលផលស្រូវស្រាលនៅដើមរដូវនេះ ទទួលបានទិន្នផលជាមធ្យម៤តោនក្នុង១ហិកតា។
ស្ថានភាពទឹកទន្លេឆ្នាំនេះទាបជាង ឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះ ទឹកមិនទាន់ចូលដល់តំបន់ធ្វើស្រូវប្រដេញទឹកនៅឡើយទេ ហេតុនេះកសិករអាចប្តូរពីការដាំដុះស្រូវប្រដេញទឹក មកដាំដុះស្រូវរដូវវស្សាវិញ ដែលអាចបង្កើនរដូវដាំដុះបន្ថែម និងធ្វើឲ្យផ្ទៃដីដាំដុះស្រូវរដូវវស្សាកើនឡើងច្រើនជាងមុន។
យោងតាមលទ្ធផលនៃការបង្កបង្កីនផលនេះ ប្រទេសកម្ពុជាអាចធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ និងបម្រើឲ្យការនាំចេញអង្ករបានតាមការគ្រោងទុក បើទោះបីភ្លៀងបានធ្លាក់ដើមរដូវ តែក្រោយមកជួបនូវគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវសែនក្រអូបមួយចំនួនក៏ដោយ។
ការប្រមូលផលស្រូវស្រាល (សែនក្រអូប និងអ៊ីអ៊ែ) ដើមរដូវឆ្នាំនេះ មានការយឺតយ៉ាវជាងឆ្នាំ២០១៩ បង្កឡើងដោយគ្រោះរាំងស្ងួត ជាហេតុនាំឲ្យល្បឿននៃការដាំដុះយឺតយ៉ាវ និងស្រូវដែលរងផលប៉ះពាល់ខ្លាំង ដែលតម្រូវឲ្យកសិករភ្ជួរចោល និងដាំដុះឡើងវិញមួយចំនួន ហើយការប្រមូលផលនឹងត្រូវអូសបន្លាយរហូតដល់ ខែតុលា វិច្ឆិកា និងខែធ្នូ ព្រមគ្នាជាមួយនឹងការប្រមូលផលស្រូវ ផ្កាម្លិះ-ផ្ការំដួល។
ការនាំចេញអង្ករ៧ខែកន្លងមក បានចំនួន៤២៦,០៧៣តោនកើនឡើងចំនួន១១៨,០៦០តោន ស្មើនឹង៣៨.៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះសហព័ន្ធស្រូវអង្ករកម្ពុជាបានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០,០០០តោន ។
ហេតុនេះដើម្បីសម្រេចបាននូវគោលដៅនាំចេញអង្ករ ៨០០,០០០ តោន សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើសុំនូវការគាំទ្រជាឥណទាន ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលចំនួន៣០លានដុល្លារបន្ថែមទៀត តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងស្នើសុំប្រើប្រាស់ឥណទានក្រោមកម្មវិធីនេះសម្រាប់រយៈពេល១២ខែ៕