(រតនគីរី)៖ លោក ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី អមដំណើរដោយ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ ជាតិលេខ៧៦ត្រង់ចំណុចបង្គោលគ.ម លេខ២៨៤, ២៨៦ និង២៨៧របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក្នុងភូមិសាស្រ្តស្រុកលំផាត់។
ក្នុងឱកាសនេះដែរ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានជម្រាបជូនអំពីស្ថានភាពទូទៅផ្លូវជាតិលេខ៧៦ដោយលោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៧៦មានប្រវែង២៩៥.១៥០គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ជាប្រភេទDBST។
ផ្លូវនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ និងបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ខែវិចិ្ឆកាឆ្នាំ២០១៦។ សព្វថ្ងៃមន្ទីរបានបន្តការថែទាំជាប្រចាំប្រវែង៥៩.៥០គ.មចាប់ពីគ.មលេខ២៣៤+៤២០ដល់ គ.មលេខ ២៩៥+១៥០។
លោកបន្តថា មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី បន្តការងារ Reseal លើកំណាត់ផ្លូវជាតិលេខ ៧៨ នៅចន្លោះ គ.ម ៦៥+៤០០ ដល់ គ.ម ៨០+៥០០ ដោយបន្តការងារស្រោចកៅស៊ូ និង រោយថ្ម ១២ ម.ម បានប្រវែងសរុប ៨,៩០០ម ។បន្តការងារជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦ ដោយបន្តការងារចាក់ក្រាលថ្មម៉ិច ចន្លោះ គ.ម ២៨៦+ ៦៥០ ដល់ គ.ម ២៨៧+០៥០។ បន្តកាងារចាក់ក្រាលដីគ្រួសល្បាយថ្ម និងការងារធ្វើប្រអប់ ចន្លោះគ.ម ២៨៤+១០០ដល់ ២៨៤+៨០០ ន៨ង បន្តការងារជួសជុលផ្លូវខេត្តលេខ ៣៧៨៩ ត្រង់រង្វង់មូលត្បូង (ផ្លូវបំបែកស្រុកបរកែវ និងស្រុកអណ្តូងមាស)ដោយបញ្ចប់ការងារស្រោចកៅស៊ូ និងបាចខ្សាច់សម្រួលចរាចរណ៍។
ជាមួយគ្នានោះ លោក ជៀង អំ បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ដែលមានមន្ទីរសាធារណការខេត្តជាសេនាធិការ បានយកចិត្តទុកដាក់ធ្វើឲ្យសម្រេចនូវសមិទ្ធផល និងស្នាដៃជាច្រើនលើការងារថែទាំជួសជុលផ្លូវ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដែលកំពុងកែកលម្អ ជួសជុលនេះ ត្រូវចូលរួមសម្រួលដល់ដំណើរការកែលម្អជួសជុលផ្លូវ និងរួមគ្នាថែទាំសមិទ្ធផលផ្លូវនេះ ឲ្យគង់វង្សយូរអង្វែង៕