(ឧត្តរមានជ័យ)៖ «ស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ធ្វើដើម្បីប្រជាជន នៅជាមួយប្រជាជន និងមិនទុកឱ្យប្រជាជនណាម្នាក់ជួបការលំបាកដោយមិនខ្វាយខ្វល់នោះឡើយ។ ដូច្នេះការងារអាទិភាពរបស់ក្រុមការងារបក្សចុះមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យយើងនេះ ការចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ស្វែងយល់ពីទុក្ខលំបាក ពីតម្រូវការងាររបស់ប្រជាពលរដ្ឋ ហើយដោះស្រាយជូនពួកគាត់ ជាកិច្ចការអាទិភាពរបស់ពួកយើង»។
ប្រសាសន៍ខាងលើនេះ ជាការលើកឡើងរបស់លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្ដរមានជ័យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារសម្រាប់ខែកញ្ញា នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។
មិនខុសពីបណ្តាខែកន្លងទៅនោះទេ នៅក្នុងខែសីហា នេះ ក្រោមការណែនាំរបស់លោក គន់ គីម ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តឧត្តរមានជ័យ រួមជាមួយក្រុមការងារបក្សនៅនឹងមូលដ្ឋាននោះ បានបន្តធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដោយចុះតាមខ្នងផ្ទះពលរដ្ឋផ្ទាល់ ដើម្បីស្តាប់ និងឆ្វេងយល់ពីបញ្ហារបស់ពួកគាត់ និងដាក់ចេញនូវវិធានការដោះស្រាយ។
របាយការណ៍បានបង្ហាញថា ក្នុងខែសីហា នេះ ក្រុមការងារបក្សបានចុះជួបពលរដ្ឋតាមខ្នងផ្ទះចំនួន ២៦៧លេីក និងជួយឧបត្ថម្ភពលរដ្ឋជួបការលំបាក ដោយផលប៉ះពាល់ពីជំងឺ Covid-19 និងរងគ្រោះដោយគ្រោះធម្មជាតិ ចំណាយជាសម្ភារៈនានាគិតជាទឹកប្រាក់ជាង ១៤៨លានរៀល។
ក្រុមការងារ ក៏បានបានសហការត្រួតពិនិត្យពលករមកពីថៃតាមច្រកអូរស្មាច់ ៦,៧៦០នាក់ ធ្វើចត្តាឡីស័ក ៨៤៤នាក់ និងបញ្ជូនទៅតាមបណ្តាខេត្ត ៥,៨១៦នាក់។ ក្រុមការងារ ក៏បានសហការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនគ្រួសារជនងាយរងគ្រោះក្នុងអំឡុងពេល Covid -19 បាន១៧,៤៤៥គ្រួសារ សរុបទឹកប្រាក់ ៣,០៥៨លានរៀល។
លោក គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការងារបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត។ លោក គន់ គីម បានលើកឡើងថា ការប្រឹងប្រែងរបស់ក្រុមការងារក្នុងការដោះស្រាយបញ្ហា និងទុក្ខលំបាកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាបំណងប្រាថ្នាដ៏ធំធេងរបស់ថ្នាក់ដឹកនាំបក្ស។
ប្រធានក្រុមការងារគណបក្សចុះជួយខេត្តឧត្តរមានជ័យរូបនេះ បានបង្ហាញក្តីសង្ឃឹមមុតមាំថា ក្រុមការងារបក្សទាំងអស់ នឹងបន្តតម្កល់បញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាកិច្ចការអាទិភាព និងសំខាន់សម្រាប់ខ្លួន ហើយបន្តយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក គន់ គីម ក៏បានជំរុញឱ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់លេីការងារសំខាន់មួយចំនួនបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។ ការងារទាំងនោះរួមមាន៖
១៖ យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឱ្យកាន់តែប្រសេីរថែមទៀត អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមគ្នាទប់ស្កាត់ ការប្រេីប្រាស់ជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីខុសច្បាប់។
២៖ ត្រូវរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធិបុណ្យភ្ជុំបិណ្ឌខាងមុខ និងចូលរួមកាន់បិណ្ឌជាមួយពលរដ្ឋ រក្សាអនាម័យ តាមវិធានការរបស់ក្រសួងសុខាភិបាល។
៣៖ ពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុងបក្សដោយត្រូវចងចាំថា ការសាមគ្គី ឯកភាព គឺជាចំណុចខ្លាំងដែលធ្វេីឱ្យបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ រហូតមកដល់ពេលនេះ។
៤៖ លុបបំបាត់រាល់ភាពអសកម្មរបស់មន្ត្រី ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ជាគោល «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។
៥៖ ជំរុញការបេីកវេទិការសាធារណៈ ចុះតាមខ្នងផ្ទះដេីម្បីដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ និងបន្តរកអ្នកក្រីក្រ ងាយរងគ្រោះដោយCovid -19 និង
និងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ចូលរួមសង្គ្រោះប្រជាពលដ្ឋពេលមានគ្រោះមហន្តរាយ៕