(ព្រះសីហនុ)៖ ស្ករត្នោតដែលក្រុមអាជីវករខិលខូច បានលួចបង្កប់សារធាតុគីមីហាមឃាត់ ត្រូវបានមន្រ្តីកាំកុងត្រូលសាខា ខេត្តព្រះសីហនុ ធ្វើការរឹបអូសបានជាច្រើនកន្លែង នៅលើទីផ្សារនានា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុបានឲ្យដឹងថា មន្រ្តីកាំកុងត្រូលបានចុះត្រួតពិនិត្យ នៅ២ទីតាំងក្នុងនោះ ទី១នៅផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ និងទីតាំងទី២នៅផ្សារលើ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ជាលទ្ធផលក្រុមមន្រ្តីបានសំរេចរឹបអូសយកស្ករត្នោត ដែលមានផ្ទុកសារធាតុគីមី ពីតូបលក់រាយបានជាច្រើន កញ្ចប់សរុបជាង៦០គីឡូក្រាម ដើម្បីយកទៅកំទេចចោល។ តាមប្រភពពីអាជីវករលក់រាយទាំងនោះបានប្រាប់ថាស្ករត្នោតលាយសារ ធាតុគីមីទាំងនេះ ពួកគាត់ទិញស្រ្តីម្នាក់នៅខេត្តកំពង់ស្ពឺដែលបានយកមកបោះដុំឲ្យពួកគាត់ដើម្បីលក់រាយបន្ត។
លោក ជា ប៉ិច ក៏បានស្នើឲ្យក្រុមអាជីវករទាំងអស់ ប្រាប់ទៅអ្នកលក់បោះដុំថា មិនត្រូវបន្ថែមសារធាតុគីមីទៅលើស្ករត្នោតនោះទេ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕