(ភ្នំពេញ)៖ នៅក្នុងសង្គមគ្រួសារនីមួយៗ ទំនាក់ទំនងគតិយុត្តនៃញាតិលោហិត រវាងឪពុកម្ដាយជាមួយកូន ជាភាពចាំបាច់មួយ ដើម្បីបញ្ជាក់ពីបិតុភាព និងមាតុភាពរបស់កូនជាគោលការណ៍ច្បាប់ នៅពេលដែលទារកកើតមកភ្លាមដោយមិនឲ្យលើស ពីរយៈពេល ៣០ (សាមសិប)ថ្ងៃ ទោះបីជាឪពុកម្ដាយរបស់កូននោះបានរៀបអាពាហ៍ពិពាហ៍ ឬមិនបានរៀបអាពាហ៍ពិពាហ៍ គឺត្រូវតែធ្វើការសុំចុះកំណើតកូននៅ ឃុំ/សង្កាត់ ដែលជាទីកំណើតរបស់កូន តែប្រសិនបើការស្នើសុំចុះកំណើតនេះលើស ពីរយៈពេលកំណត់ដែលច្បាប់បានអនុញ្ញាត នោះអ្នកស្នើសុំត្រូវទទួលការផាកពិន័យតាមច្បាប់កំណត់។

រយៈពេល ៣០ (សាមសិប) ថ្ងៃនេះ គឺជារយៈពេលមួយដែលជួយសម្រួលដល់ឪពុកដែលនៅឆ្ងាយ ហើយម្ដាយទើបសម្រាលកូនរួចនៅសរសៃខ្ចីជាដើមដែលពុំអាចធ្វើការ សុំចុះកំណើតកូន បានទាន់ពេលវេលា ប៉ុន្ដែករណីនេះ មិនមានន័យថា ត្រូវតែជាឪពុក ម្ដាយរបស់កូនទើបមានសិទ្ធិសុំចុះកំណើតកូននោះទេដោយច្បាប់បានអនុញ្ញាតដល់សាច់ញាតិ ដែលរស់នៅជាមួយឪពុក ម្ដាយរបស់កូននោះ ក៏អាចធ្វើការសុំចុះកំណើតកូនជំនួសឪពុកម្ដាយរបស់កូនបានដែរ។

តើអ្វីទៅជាបុត្តភាព? ហើយចុះ ហេតុអ្វីត្រូវចាំបាច់ធ្វើការបញ្ជាក់ពីបិតុភាព និងមាតុភាពរបស់កូន?

ដើម្បីធ្វើការស្វែងយល់ឲ្យបានកាន់តែច្បាស់ ដូច្នេះក្នុងថ្ងៃនេះ អង្គភាពសារព័ត៌មាន Fresh News បានសហការ ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «បុត្តភាព» មកធ្វើការបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

បុត្តភាព សំដៅលើទំនាក់ទំនងញាតិលោហិតខ្សែផ្ទាល់របស់ឪពុកម្ដាយ ដែលយើងតែងហៅថាជាកូនបង្កើត។ ជាទូទៅស្រ្ដីដែលបានសម្រាលកូន ច្បាប់បានកំណត់ថា កូននោះជាកូនបង្កើតរបស់ម្ដាយ និងជាកូនបង្កើតរបស់ឪពុកដែល ស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ ឬស្ថិតក្នុងអំឡុងពេលមួយដែលច្បាប់បានកំណត់ថាជាឪពុករបស់កូនក៏ប៉ុន្ដែប្រសិនបើមិនអាចសន្មតជនដែលត្រូវជា ឪពុករបស់កូនបានទេ នោះកូន ឬអ្នកតំណាងរបស់កូន ត្រូវធ្វើការបញ្ជាក់ពីបិតុភាពរបស់កូន បានតាមផ្លូវច្បាប់។ ហេតុអ្វីចាំបាច់ធ្វើការបញ្ជាក់ពីបិតុភាព និងមាតុភាពរបស់កូន?

យោងតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ មាត្រា៧ បានចែងថា កុមារត្រូវបានចុះបញ្ជីអត្រានុកូលដ្ឋានភ្លាមបន្ទាប់ពី ពេលកើត និងត្រូវមានសិទ្ធិមានឈ្មោះមួយពីពេលកើតមក មានសិទ្ធិទទួលបានសញ្ជាតិ មួយ និងតាមដែលអាចធ្វើទៅបាន កុមារត្រូវមានសិទ្ធិស្គាល់ឪពុកម្ដាយ និងទទួលបានការថែទាំពីឪពុកម្ដាយ។

អនុសញ្ញានេះ បានបញ្ជាក់យ៉ាងច្បាស់ថា កូនដែលទើបនឹងកើតត្រូវចុះកំណើត ហើយកូនមានសិទ្ធិស្គាល់ឪពុកម្ដាយរបស់ខ្លួន ហេតុនេះវាជាភាពចាំបាច់មួយសម្រាប់កូនៗដើម្បីទទួលបាននូវអត្តសញ្ញាណមួយច្បាស់លាស់ និងក្លាយជាពលរដ្ឋម្នាក់ពេញលេញ រួមទាំងទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយរបស់ខ្លួន។

ការបញ្ជាក់ពីបិតុភាពរបស់កូន មានបីរបៀប៖
របៀបទី១៖ គឺត្រូវបានសន្មតថា ទារកដែលនៅក្នុងគភ៌ប្រពន្ធដែលស្ថិត ក្នុងចំណងនៃអាពាហ៍ពិពាហ៍ជាកូនរបស់ប្ដី។
របៀបទី២៖ កូនដែលកើតក្រោយអំឡុងពេល ១៨០ថ្ងៃ គិតចាប់ពីថ្ងៃដែល អាពាហ៍ពិពាហ៍បានបង្កើត ឬអំឡុងពេល ៣០០ថ្ងៃ គិតចាប់ពីថ្ងៃបានរំលាយ ឬលុបចោលអាពាហ៍ពិពាហ៍ ត្រូវបានសន្មតថា មានគភ៌អំឡុងពេលអាពាហ៍ពិពាហ៍។
របៀបទី៣៖ ប្រសិនស្ដ្រីបានរៀបអាពាហ៍ពិពាហ៍ថ្មីក្នុងអំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មី នោះប្រសិនបើមិនអាចកំណត់ឪពុករបស់កូនបាន ត្រូវសន្មតថាជាកូនរបស់ប្ដីដែលបានរៀបអាពាហ៍ពិពាហ៍ថ្មី។

ចំពោះឪពុកដែលមានបំណងទទួលស្គាល់កូនដោយស្ម័គ្រចិត្ត ច្បាប់បានអនុញ្ញាត ក៏ប៉ុន្ដែត្រូវមានការយល់ព្រមពីម្ដាយរបស់កូនជាមុនប្រសិនបើកូនជាអនីតិជន តែបើកូនជានីតិជនត្រូវមានការយល់ព្រមពីកូនដោយផ្ទាល់ ហើយបែបបទនៃទម្រង់ការទទួលស្គាល់នេះ ត្រូវធ្វើការជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋាន ឬតាមរយៈមតកសាសន៍ (ការយល់ព្រមរបស់ម្តាយត្រូវមាន ការចុះហត្ថលេខាលើលិខិតទទួលស្គាល់)។ តែផ្ទុយទៅវិញ ក្នុងករណីដែលឪពុក ឬកូន បានដឹងថាមិនមែនជាឪពុកកូនបង្កើត ជនដែលត្រូវបានសន្មតថា ជាឪពុក ឬជាកូនអាចមានសិទ្ធិបដិសេធចំពោះបិតុភាពបាន (មាត្រា ៩៨៩ នៃក្រមរដ្ឋប្បវេណី)។

ចំពោះជនដែលត្រូវបាន សន្មតថាជាឪពុក ការដាក់ពាក្យបណ្ដឹងបដិសេធបិតុភាពចំពោះកូន ត្រូវធ្វើឡើងក្នុងអំឡុងពេល ៦ខែ ដោយគិតចាប់ពីពេល ដែលខ្លួនបានដឹងពីកំណើតរបស់កូន ក៏ប៉ុន្ដែការគណនាអំឡុងពេលនឹងត្រូវប្រែប្រួល ប្រសិនបើជនដែលសន្មតថាជាឪពុក ជាជនស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយអំឡុងពេលនេះត្រូវ គិតចាប់ពីពេលដែលមានការលុបចោលការប្រកាស ចាប់ផ្ដើមអាណាព្យាបាលទូទៅ។

ចំណែកឯកូនវិញ ប្រសិនបើកូនជា អនីតិជន ត្រូវមានម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន ធ្វើជាអ្នកតំណាងក្នុងការដាក់ពាក្យបណ្ដឹងបដិសេធបិតុភាពនេះ តែបើមិនមានទេ នោះតុលាការនឹងជ្រើស តាំងអ្នកតំណាងពិសេស។

បណ្ដឹងបដិសេធបិតុភាពពីកូននឹងមិនអាចអនុវត្តបានឡើយ ប្រសិនបើអំឡុងពេល ៦ខែ បានកន្លងផុត គិតចាប់ពីពេលដែលខ្លួនបានក្លាយជានីតិជន ប៉ុន្ដែប្រសិនបើកូននោះ ជាជនស្ថិតនៅក្រោមអាណាព្យាបាល ទូទៅ អំឡុងពេលនោះត្រូវគិតចាប់ពីពេលមានការលុបចោលការប្រកាសចាប់ផ្ដើមអាណាព្យាបាលទូទៅ។ (មាត្រា៩៩០ និងមាត្រា៩៩១ នៃក្រមរដ្ឋប្បវេណី)។

ក្នុងករណី បិតុភាព ឬមាតុភាពបង្កើតឡើងដោយផ្ទុយនឹងការពិតជាក់ស្ដែង កូនមានសិទ្ធិដាក់ពាក្យបណ្ដឹងទាមទារ ឲ្យបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាពជាមួយឪពុកម្ដាយ រីឯឪពុកក៏មានសិទ្ធិដាក់ពាក្យបណ្ដឹងទាមទារឲ្យបញ្ជាក់អំពីនត្ថិភាពនៃ បិតុភាពជាមួយកូន ហើយម្ដាយក៏មានសិទ្ធិដាក់ពាក្យបណ្ដឹងទាមទារឲ្យបញ្ជាក់អំពីនត្ថិភាពនៃមាតុភាពជាមួយកូន បានដែរ ដោយត្រូវដាក់ពាក្យបណ្ដឹងតាមផ្លូវតុលាការដែលមានសមត្ថកិច្ច ចំពោះជនដែលបានចុះជាឪពុក ឬម្ដាយដែលបានចុះនៅ ក្នុងសៀវភៅកំណើត បើទោះបីជាមិនបានទទួលសន្មតថាជាឪពុក ឬគ្មានមូលហេតុអាចបញ្ជាក់បានថាជាម្ដាយដែលបាន សម្រាលកូនក៏ដោយ (មាត្រា១០០២ នៃក្រមរដ្ឋប្បវេណី)។

ប៉ុន្ដែ បណ្ដឹងនេះនឹងមិនមានអានុភាពអនុវត្តទៀតឡើយ ប្រសិនបើ អំឡុងពេល ២០ (ម្ភៃ)ឆ្នាំ បានកន្លងផុតទៅ គិតចាប់ពីថ្ងៃកំណើតរបស់កូន ឬថ្ងៃដែលអានុភាពនៃការទទួលស្គាល់ បានកើតឡើង ។ ក៏ប៉ុន្ដែ ប្រសិនបើកូនជានីតិជន ត្រូវមានការយល់ព្រមពីកូនជាមុនសិន ទើបអាចធ្វើការដាក់ពាក្យបណ្ដឹងនេះបាន។

ដោយឡែក ចំពោះកូនដែលត្រូវបានម្ដាយបោះបង់ចោលតាំងពីនៅតូច ឬមូលហេតុណាមួយដែលធ្វើឲ្យកូនមិនស្គាល់ម្តាយ ហើយក្រោយមកបានដឹងអំពីអត្តសញ្ញាណរបស់ស្ដ្រីដែលបានសម្រាលខ្លួន កូនអាចដាក់បណ្ដឹងទាមទារឲ្យ បញ្ជាក់អំពីអត្ថិភាពនៃមាតុភាពចំពោះស្រ្តីដែលបានបង្កើតខ្លួនបាន ហើយបើទោះបីជាកូនបានទទួលមរណភាពក៏ដោយក៏ បច្ឆាញាតិផ្ទាល់របស់កូន អាចធ្វើការដាក់ពាក្យបណ្ដឹងនេះបានដែរ ដោយអំឡុងពេលនៃការដាក់ពាក្យបណ្ដឹងមានរយៈពេល ១ឆ្នាំ គិតចាប់ពីពេលដែលដឹងថាជាម្ដាយ។

ចំណែកឯម្ដាយវិញ ក៏អាចដាក់បណ្ដឹងទាមទារឲ្យបញ្ជាក់អំពីអត្ថិភាពនៃ មាតុភាពចំពោះកូនបានដែរ តែប្រសិនបើកូនបានទទួលមរណភាព ពាក្យបណ្ដឹងនេះអាចធ្វើទៅបានទាល់តែកូនមាន បច្ឆាញាតិផ្ទាល់។ មួយវិញទៀត ប្រសិនបើកូន ឬបច្ឆាញាតិផ្ទាល់ ជានីតិជន ម្ដាយត្រូវមានការយល់ព្រមពីកូន ឬបច្ឆាញាតិផ្ទាល់ នោះជាមុនសិនទើបអាចដាក់ពាក្យបណ្ដឹងនេះបាន ។

សរុបជារួមមក បុត្តភាព សំដៅលើកូនបង្កើតរបស់ឪពុកម្ដាយ ហើយកូនមានសិទ្ធិទទួលបានការចុះបញ្ជីអត្រានុកូលដ្ឋាន ទទួលបានសញ្ជាតិមួយ ទទួលបានការថែទាំ ទទួលបានការអប់រំ និងស្គាល់ពីឪពុកម្ដាយរបស់ខ្លួន ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕