(សៀមរាប)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ បានសហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) បាននាំយកអំណោយគ្រឿង ឧបភោគបរិភោគ ចែកជូនប្រជាជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាក ខ្វះស្បៀងអាហារ ចំនួន៥០គ្រួសារ ស្ថិតនៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងឱកាសនោះ លោក ខាន់ ខុន បានក្រើនរំលឹក ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុង តែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាទៅពិនិត្យសុខភាពជាមួយ ក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។

បន្ថែមពីនេះ ត្រូវអនុវត្តនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល។

ជាមួយគ្នានេះ លោក ខាន់ ខុន ក៏បានលើកឡើងអំពី គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួល អាកាសធាតុផងដែរ។

លោកក៏បានផ្តាំផ្ញើប្រជាពលរដ្ឋ សូមប្រកាន់ខ្ជាប់ខ្ជូននូវគន្លឹះថែរក្សាសុខភាព ពិសារអាហារសាច់ឆ្អិន ទឹកស្អាត រស់នៅមាន អនាម័យដើម្បីបញ្ជៀសជំងឺឆ្លង ហើយបើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន សម្អាតបរិស្ថានឲ្យបានស្អាតជានិច្ច៕