(កំពង់ឆ្នាំង)៖ មន្ត្រីជំនាញផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលគិរី សហការជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ ព្រែកឆ្ដោ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានបើកប្រតិបត្តិការចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយប្រើឧបករណ៍របាំងលបលូស្បៃមុង នៅចំណុចបឹងធំ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្រោយពីពិនិត្យជាក់ស្ដែង សមត្ថកិច្ចបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់មួយចំនួននៅនឹងកន្លែង។ ក្នុងនោះវត្ថុតាង ដែលបានបំផ្លាញចោល រួមមាន៖ របាំងស្បៃមុង៣០កន្លែង ស្មើនឹង៤៥០ម៉ែត្រ, លូស្បៃមុង ចំនួន៣០មាត់, បង្គោលចំនួន៤៥០ដើម និងចាក់លែងត្រីទៅក្នុងបឹងធម្មជាតិវិញ ចំនួន៥០គីឡូក្រាមផងដែរ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា ដោយសាររដូវនេះជារដូវបិទនេសាទ ដូច្នេះក្នុងនាមលោកជាមន្ត្រីជំនាញជលផល ត្រូវតែយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសនេសាទ ដែលបានកើតមាននៅក្នុងរដូវត្រីពងកូននេះ ជាពិសេសទប់ស្កាត់ការប្រើ ឧបករណ៍នេសាទល្មើស ដែលត្រូវបានច្បាប់ហាមឃាត់ដូចជា ឧបករណ៍ស្បៃមុង និងការដាក់របាំងមានប្រវែងលើសច្បាប់កំណត់ជាដើម។

បច្ចុប្បន្នមន្ត្រីជំនាញរបស់លោក ក៏បានចុះធ្វើការបង្ក្រាប និងរើរុះនូវរបាំងសាច់អួន និងរបាំងស្បៃមុង ដែលក្រុមឈ្មួញកំពុងតែលួចដាក់ នៅក្នុងដែននេសាទមួយ ចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយកម្លាំងរបស់លោកចុះធ្វើការទប់ស្កាត់ និងបង្ក្រាបជារៀងរាល់ថ្ងៃ ដោយបានសហការជាមួយកងកម្លាំង ឯកភាពគ្រប់ជំនាញ ធ្វើការរុះរើរឧបករណ៍នេសាទយ៉ាងសកម្មផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមនាយខណ្ឌរដ្ឋបាលជលផល លោកសូមអំពាវនាវដល់ប្រជានេសាទទាំងអស់ តាមរយៈបណ្ដាញព័ត៌មាន Fresh News សូមកុំធ្វើការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ នៅក្នុងរដូវបិទនេសាទនេះ ដោយផ្ដល់ឱកាសឲ្យត្រីបានឡើងពងកូន ដើម្បីបន្តពូជពង្ស ជាពិសេស ការប្រើឧបករណ៍ស្បៃមុង និងរបាំងលបលូ ដែលមានប្រវែងហួសពីច្បាប់បានកំណត់។ ក្នុងករណីនៅតែប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីជលផល មន្ត្រីជំនាញនឹងធ្វើការបង្ក្រាបដោយមិនមានការយប់យល់ឡើយ៕