(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចំរុះ រួមមាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីកាំកុងត្រូល ដឹកនាំដោយព្រះរាជអាជ្ញារង នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការដុតកំទេចចោលស្ករត្នោត លាយសារធាតុគីមីជាង ៤តោន នៅម្តុំកន្លែងចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោយពីបង្ក្រាបបាននៅខណ្ឌទួលគោក នៅថ្ងៃម្សិលមិញ។
លោកឧត្តមសេនីយ៍ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានប្រាប់អ្នកយកព័ត៌មានថា ស្ករត្នោតដែលមានសារធាតុគីមីបំផ្លាញសុខភាពជាង ៤តោន ដែលត្រូវបានចុះបង្ក្រាបនោះ ត្រូវបានដុតកំទេចចោល ហើយចំពោះម្ចាស់ទីតាំងវិញ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលដឹកនាំដោយ ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានឆ្មក់ចូលត្រួតពិនិត្យទីតាំងសិប្បកម្មផលិតស្ករត្នោត ពីស្ករសមួយស្ថិត នៅដីឡូត៍លេខ៨ ផ្លូវ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយរកឃើញរាប់សិបតោន។ ការត្រួតពិនិត្យនេះក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងនគរបាលបានរឹបអូសស្ករត្នោត ដែលផលិតរួចរាប់សិបតោន ដែលម្ចាស់សិប្បកម្មបំរុងនាំចេញមកលក់ក្នុងទីផ្សារ រួមទាំងស្ករអំពៅលេខ៤ នាំចូលមកពីប្រទទេសវៀតណាមផងដែរ។ អ្វីដែលសមត្ថកិច្ចនឹកស្មានមិនដល់នោះ គឺនៅក្នុងការផលិតស្ករត្នោតចេញពីស្ករសនេះ គឺមានសារធាតុគីមីឈ្មោះ sodium hydrocilfeet ជាច្រើន ដែលយកមកប្រើក្នុងការបំលែងផលិតផលស្ករត្នោត ពីស្ករសនេះ។ ដូច្នេះសមត្ថកិច្ចបានសំរេចឃាត់ខ្លួន ម្ចាស់សិប្បកម្មផលិតស្ករត្នោតនេះសិនដើម្បីសាកសួរ។
តាមការចង្អុលបង្ហាញពីម្ចាស់សិប្បកម្មផលិតស្ករត្នោតពីស្ករសនេះ សមត្ថកិច្ចបានបន្តឆែកឆេរឃ្លាំងស្តុកសារធាតុគីមីមួយកន្លែងទៀត ស្ថិតនៅផ្លូវលេខ២៥៥ សង្កាត់បឹងសាឡាង ដដែលដោយនៅទីនោះសមត្ថកិច្ចបានរកឃើញ មានសារធាតុគីមីច្រើនប្រភេទដែល គេលួចនាំចូលមកស្តុកទុកលក់ ។ ពាក់ព័ន្ធនឹងករណីរឹបអូសស្ករត្នោតផលិតពីស្ករសនេះ លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាស្ករត្នោតដែលផលិតពីស្ករស ដោយលាយសារធាតុគីមី សូឌីដ្យូមអ៊ីដ្រុកស៊ីលហ្វីត នេះ មានគ្រោះថ្នាក់បំផុតចំពោះសុខភាព ដែលចាំបាច់ត្រូវហាមឃាត់មិនអនុញ្ញតឲ្យលក់លើទីផ្សារបានឡើយ៕