(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមើល ដោយផ្ទាល់លើករណីជំងឺកញ្រ្ជឹលមួយ ដែលកម្ពុជាទើបរកឃើញមួយករណី កើតលើទារកអាយុ៧ខែ នៅខេត្តកំពង់ស្ពឺ។
ការចុះពិនិត្យមើលដោយផ្ទាល់ពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃនេះ ធ្វើឡើងដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹង ករណីជំងឺកញ្រ្ជឹលមួយករណី លើទារកអាយុ៧ខែ មកពីភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានរកឃើញរាយការណ៍ពីមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។
តាមការពិនិត្យ និងឲ្យដឹងពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ករណីជំងឺកញ្រ្ជឹលភាគច្រើនបំផុតគឺកើតឡើង ចាប់ពីអាយុ៩ខែឡើងទៅ ប៉ុន្តែករណីនេះបានកើតឡើង លើទារកអាយុ៧ខែទៅវិញ។ ដោយករណីក្រុមពេទ្យសង្ស័យថា អាចបណ្តាលមកពីការមិនបានបៅទឹកដោះម្តាយ។ ប៉ុន្តែទោះបីយ៉ាងណាលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរៀបចំឲ្យក្រុមពេទ្យ តាមដានលើករណីជំងឺនេះផងដែរ។
ស្រ្តីជាម្តាយទារកដែលនេះ ជាលើកដំបូងរបស់គាត់បានឃើញលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យមើលដោយផ្ទាល់ បានសម្តែងនូវការគោរព និងក្តីរំភើបចំពោះការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ផ្ទះរបស់ទារកកើតកញ្ជ្រឹល ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី ដែលមានចំងាយពីផ្លូវជាតិ ចូលតាមផ្លូវលំប្រមាណ៤-១០គីឡូម៉ែត្រ។
សូមជំរាបថា ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញជំងឺកញ្ជ្រឹលមួយករណីទៀត ដែលកើតលើទារកអាយុ៧ខែ។ ករណីជំងឺកញ្ជ្រឹលលើទារកអាយុ៧ខែ ជាករណីពិសេសដែលរកឃើញ ព្រោះជាទូទៅ កញ្ជ្រឹលកើតមាននៅលើទារកអាយុ៩ខែ ហើយអនុលោមតាមប្រតិទិនរបស់ អង្គការសុខភាពពិភពលោក វ៉ាក់សាំង ការពារជំងឺកញ្ជ្រឹល ស្អូចទី១ អាចផ្តល់ជូនបានលុះត្រាតែទារក មានអាយុចាប់ពី៩ខែឡើងទៅ។
ការរាយការណ៍ករណីជំងឺកញ្ជ្រឹលនេះ គឺជាផ្នែកមួយនៃការតាមដានស្រាវជ្រាវ ជាប្រចាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ បន្ទាប់ពីទទួលបានលទ្ធផលពិសោធន៍ភ្លាមៗ ក្រសួងសុខាភិបាល បានកោះប្រជុំបន្ទាន់ ហើយបានបញ្ចូនក្រុមអង្កេតចុះទៅដល់កន្លែងកើតហេតុ ដើម្បីអង្កេតករណីបន្ថែមទៀត និងសម្រាប់រៀបចំ សកម្មភាពឆ្លើយតបជាបន្ទាន់, ដោយឡែកនៅថ្ងៃទី២៨ ខែមករានេះ លោក ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យ ដោយផ្ទាល់លើករណីនេះ៕