(ភ្នំពេញ)៖ មន្រ្តីគ្រប់គ្រងនៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ដចំនួន១១ ត្រូវបានមកទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ» ផ្ដោតសំខាន់លើជំនាញទន់ ដែលផ្ដោតលើការទំនាក់ទំនង និងការដឹកនាំប្រកបដោយឥទ្ធិពលទៅដល់បុគ្គលិក និងបម្រើសេវាកាន់តែប្រសើរជូនពលរដ្ឋ។

វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែសីហា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយប្រើប្រាស់ថវិកាជាតិ រួមនឹងជំនួយឧបត្ថម្ភបច្ចេកទេស និងថវិកាពីមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US CDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

លោកវេជ្ជបណ្ឌិត ទា ផល្លា ជាគ្រូសម្របសម្រួលក្នុងវគ្គបណ្ដុះបណ្ដាលបានថ្លែងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបន្ថែមរបៀបដឹកនាំផ្នែកទន់ ដល់អ្នកដឹកនាំតាមមន្ទីរពេទ្យ ក្រៅពីជំនាញបច្ចេកទេសរបស់ពេទ្យ។

លោកវេជ្ជបណ្ឌិត ទា ផល្លា បានបន្ដថា ជំនាញទន់នេះ ជាការបង្កើតទំនាក់ទំនងល្អ ការស្គាល់ពីខ្លួនឯង មានហេតុផល មានគុណធម៌ ឆន្ទៈមោះមុតក្នុងការងារ ចេះយល់ចិត្ដ និងសហការរួមគ្នាល្អជាមួយកូនចៅថ្នាក់ក្រោម ដើម្បីឱ្យការដឹកនាំមានឥទ្ធិពល ដែលទាញជាសារៈប្រយោជន៍ខ្ពស់ ក្នុងការបម្រើសេវាសុខភាពជូនពលរដ្ឋ ពិសេសពលរដ្ឋក្រីក្របានយ៉ាងល្អ ប្រកបដោយសមធម៌ និងសេចក្ដីថ្លៃថ្លូរ។

លើសពីនោះ «យើងចង់ឱ្យប្រធានមន្ទីរពេទ្យ ក្លាយជាថ្នាក់ដឹកនាំដែលជាទីទុកចិត្ដកក់ក្ដៅរបស់បុគ្គលិក និងអ្នកជំងឺ ព្រោះជំនាញទន់នេះ ជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរហូតដល់ទៅច៨៥% ទោះក្នុងនៅក្នុងវិស័យអ្វីក៏ដោយ ទាំងមន្ទីរពេទ្យ ជំនួញរកស៊ីផ្សេងៗបើគ្មានជំនាញនេះទេ គឺមិនសូវទទួលបានផលល្អឡើយ»។ ក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃនេះ ក៏បានបញ្ជូលនូវទ្រឹស្ដីប្រៀបប្រដៅអប់រំបែបព្រះពុទ្ធសាសនា ហើយក៏មានវគ្គហ្វឹកហាត់ចិត្ដកាយ និងការសមាធិកផងដែរ។

ជាមួយគ្នានោះ លោក អៀង សុធារ៉ា ពាណិជ្ជករដ៏ល្បីឈ្មោះនៅកម្ពុជា ក៏បានចូលរួមចែករំលែកបទពិសោធន៍ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ជារបត់ថ្មីមួយដែលថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបានរៀនសូត្ររបៀបដឹកនាំថ្មីបន្ថែមទៀត ក្រៅជំនាញឯកទេសរបស់ខ្លួន ដោយយកមូលដ្ឋានបែបសីលធម៌ គុណធម៌ យ៉ាងស៊ីជម្រៅ តាមទ្រឹស្ដីព្រះពុទ្ធសាសនា។

លោកបន្ដថា «ការសិក្សាស្វែងយល់ពីទ្រឹស្ដីព្រះពុទ្ធសាសនា មិនត្រឹមតែក្នុងវិស័យណាមួយនោះទេ បើសិក្សាឱ្យស៊ីជម្រៅយកទៅអនុវត្ដន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺយើងនឹងបានក្ដីសុខទាំងខ្លួនឯង គ្រួសារ និងសង្គមជាតិ។ សម្រាប់មន្ទីរពេទ្យ បើអនុវត្ដឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត នូវ សច្ចៈ ខន្ដី និងកត្ដញ្ញូ នោះកាន់តែល្អប្រសើរ នឹងក្លាយជាការទុកចិត្ដ និងក្ដីសង្ឃឹមដល់អ្នកជំងឺ»

មិនត្រឹមតែការដឹកនាំផ្នែកមន្ទីរពេទ្យនោះទេ ការរកស៊ីគ្រប់វិស័យទាំងអស់ បើបញ្ជ្រាបឱ្យយល់កាន់តែច្បាស់ វិស័យទាំងនោះ នឹងមានការរីកចម្រើន តាមរបៀបមួយដែលមានសុខុដុមរមនា សុវត្ថិភាព ត្រជាក់ត្រជុំ និងប្រទេសមានសេចក្ដីសុខជារៀងដរាបទៅ។

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធីតា អនុប្រធានមន្ទីរពេទ្យខេត្ដកំពង់ចាម ដែលបានទទួលបានការបណ្ដុះបណ្ដាលវគ្គនេះ បានថ្លែងថា បន្ទាប់ពីបានសិក្សាវគ្គនេះ មានអារម្មណ៍ស្ងប់ល្អ ស្គាល់ពីខ្លួនឯង និងការងារកាន់តែច្បាស់។ លោកស្រីបន្ដថា នឹងយកចំណេះជំនាញនេះ ទៅអនុវត្ដ និងបង្រៀនទៅដល់មន្ដ្រីរបស់ខ្លួន។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបំពេញបន្ថែមដល់មន្រ្តីសុខាភិបាលទៅលើជំនាញផ្នែកវេជ្ជសាស្រ្តទូទៅ និងត្រូវបានបង្កើតឡើងដោយក្រសួងសុខាភិបាល និងដឹកនាំ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) នៅក្នុងឆ្នាំ២០១៧។ កម្មវិធីនេះត្រូវបានរៀបចំ សម្រាប់ក្រុមមន្រ្តីគ្រប់គ្រងសុខាភិបាលថ្នាក់ក្រោមជាតិ រួមមាន មន្រ្តីគ្រប់គ្រងមណ្ឌលសុខភាព និងមន្រ្តីគ្រប់គ្រងមន្ទីរពេទ្យ។

គោលដៅ ដើម្បីឱ្យអ្នកដឹកនាំគ្រឹះស្ថានសុខភាពជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ លើការគ្រប់គ្រង និងអាចប្រើភាពជាអ្នកដឹកនាំក្នុងការងារ ពង្រឹងការផ្តល់សេវាសុខភាពឱ្យកាន់តែមានគុណភាព ឆ្លើយតបបានទៅនឹងតម្រូវការរបស់សហគមន៍ ព្រមទាំងធានាបាននូវសមធម៌សម្រាប់ប្រជាជន។

គិតរហូតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ» សម្រាប់មន្រ្តីគ្រប់គ្រងមណ្ឌលសុខភាពត្រូវបានធ្វើឡើងចំនួន ២ជំនាន់រួចមកហើយដោយចាប់ផ្តើមពីឆ្នាំ២០១៨។ វិទ្យាស្ថានជាតិសុខភាពសាធារណៈកំពុងធ្វើការបណ្តុះបណ្តាលជំនាន់ទី៣បន្ថែម។ សរុប សិក្ខាកាមមកពីមណ្ឌលសុខភាពទាំងបីជំនាន់ មានចំនួន ៦៨រូប មកពី ៣៧មណ្ឌលសុខភាពនៃខេត្ត/ក្រុងចំនួន១៤។

សម្រាប់កម្មវិធីបណ្តុះបណ្តាលមន្រ្តីគ្រប់គ្រងមន្ទីរពេទ្យជំនាន់ទី១ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែសីហានេះ មានសិក្ខាកាមចំនួន ២៤រូប ជាមន្រ្តីគ្រប់គ្រងមកពីមន្ទីរពេទ្យចំនួន១២ នៃមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន ១១ រួមមាន៖ ខេត្តរតនៈគិរី មណ្ឌលគិរី សៀមរាម កំពង់ចាម កណ្តាល ព្រៃវែង ស្វាយរៀង កំពត កំពង់សោម កោះកុង និងរាជធានីភ្នំពេញ៕