(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Lee Hye Kyung នាយិកាមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF) នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា, លោក Jeon Jong-IL នាយករងមូលនិធិ និងលោក Bun Channa អ្នកសម្របសម្រួលគំរោងរបស់ EDCF នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងអំពីភាពចាំបាច់នៅក្នុងបង្កើតផែនការមេសម្រាប់ការសាងសង់នូវប្រព័ន្ធចម្រោះទឹកកខ្វក់នៅទូទាំងប្រទេស ក្នុងនោះបានផ្តោតការចាប់អារម្មណ៍ទៅលើគម្រោងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាខ្មៅ និងសៀមរាប ដោយសារទីក្រុងទាំងពីរនេះមានការអភិវឌ្ឍខ្លាំងក្លា ប្រហាក់ប្រហែលនឹងរាជធានីភ្នំពេញដែរ។
ដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គមរីកចម្រើនខ្លាំង នៅទីក្រុងតាខ្មៅ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យ EDCF ពិចារណាក្នុងការពង្រីកវិសាលភាពគម្រោង ដោយដាក់បញ្ចូលនូវទិដ្ឋភាពដទៃទៀត ដើម្បីធានានូវភាពគ្រប់ជ្រុងជ្រោយនៃគម្រោង។
ជាការឆ្លើយតប លោកស្រី Lee Hye Kyung សម្រេចទទួលយកសំណើនេះទៅពិចារណា ហើយស្នើសុំឱ្យក្រុមការងារផ្តល់នូវសេចក្តីលម្អិតទៅលើផ្នែកដែលត្រូវបន្ថែមទៅក្នុងគម្រោងនេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដែលជាដៃគូសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធចម្រោះទឹកកខ្វក់៕