(សៀមរាប)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី២៨ ខែមករានេះ សម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាវិបត្តិនយោបាយ និងសង្គម ដែលកំពុងតែបន្តកើតមាន នៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ដែលបាន និងកំពុងបន្តគំរាមដល់សន្តិសុខតំបន់ និងពិភពលោក។

ការថ្លែងនូវក្តីព្រួយបារម្ភនេះ សម្តេចប្រធានរដ្ឋសភា ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ សភានិយាយភាសាបារំាង នៅសណ្ឋាគារ Angkor Palace Resort and Spa ក្នុងខេត្តសៀមរាប ដែលមានគណៈប្រតិភូសមាជិកសភា និយាយភាសាបារំាង អង្គទូត សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ប្រមាណ១០០នាក់ចូលរួម ។

សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងពីបញ្ហាជាក់ស្តែងរបស់ពិភពលោក ទំាងនៅក្នុងតំបន់ និងជាសកលថា យើងនៅមានការព្រួយបារម្ភជាខ្លាំង ចំពោះការពង្រឹងសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយក្នុងតំបន់ ដើម្បីឈានទៅទទួលបាន កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព សម្រាប់វិបុលភាពរបស់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ក្នុងតំបន់។ ហើយថាវិបត្តិនយោបាយ និងសង្គមដែលកំពុងតែបន្តកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប នៅតែបន្តគំរាមដល់សន្តិសុខតំបន់ និងពិភពលោកនៅឡើយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា «ច្បាស់ណាស់ថាយើង មិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះ បានប្រកបដោយប្រសិទ្ធភាព ក្នុងកម្រិតថ្នាក់ជាតិនីមួយៗបានទេ គឺទាមទារ​នូវអភិក្រម នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចក្នុងក្របខណ្ឌ​សភានិយាយ​ភាសាបារាំង (ហ្រ្វង់​កូហ្វូនី) ផងដែរ ។ ខ្ងុំជឿជាក់ថា សភានិយាយភាសាបារាំង(ហ្រ្វង់កូហ្វូនី) ជាតួអង្គមួយ ដ៏មានសារសំខាន់ ក្នុងការរួមចំណែកនាំមកនូវការឯកភាពក្នុងតំបន់  តាមរយៈការងារនីតិកម្ម ដែលជាឧបករណ៍​ដ៏មានប្រសិទ្ធភាពមួយ»

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាងនៅពេលនេះ ដែលមានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ មានការចូលរួមពីសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន១៤ប្រទេស ក្នុងចំណោមសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍១៦ប្រទេស នៃស្ថាប័ននេះ៕