(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបំបែកសំបុកចោរកាច់កម៉ូតូ ជាបន្ដបន្ទាប់ចំនួន៩នាក់ ក្រោយពួកគេធ្វើសកម្មភាពចុងក្រោយលួចម៉ូតូមួយគ្រឿង នៅចំណុចភូមិអូរតាប៉ោង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបន្តស្រាវជ្រាវតាមចាប់ឃាត់ខ្លួន បានជនសង្ស័យដែលជាបក្ខពួកចំនួន០៣នាក់បន្ថែមទៀត។

ជនសង្ស័យទាំង០៤នាក់ រួមមានទី១៖ឈ្មោះ សុះ សាក់រ៉នី ហៅវីន អាយុ២៤ឆ្នាំ, ទី២៖ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅយ៉ត អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ ប្រាក់ ទ្រី ហៅពេជ្រតូច អាយុ២៤ឆ្នាំ និងទី៤៖ឈ្មោះ សី សុភា អាយុ១៨ឆ្នាំ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូមួយគ្រឿង ម៉ាក Honda Dream ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1I-9447 ដែលលួចកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានយកទៅលក់នៅខេត្តកំពង់ស្ពឺ ហើយពួកគេនៅមានបក្ខពួកជាច្រើននាក់ទៀត ដែលជាជនសកម្ម ក្នុងការលួចម៉ូតូក្នុងខេត្តព្រះសីហនុ កំពុងសង្ខំលាក់ខ្លួននៅផ្ទះមួយកន្លែងក្នុងព្រៃភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងមានមេក្លោងឈ្មោះ ឈិន សុផានិត ហៅពេជ្រធំ។

ក្រោយបានចម្លើយសារភាព កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់បក្ខពួករបស់ជនសង្ស័យ និងមេក្លោងឈ្មោះ ឈិន សុផានិត ហៅពេជ្រធំ រហូតដល់នៅវេលារំលងអាធ្រាត្រ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានប្រើវិធានការជំនាញ កំណត់បានទីតាំងផ្ទះដែលមេក្លោងឈ្មោះ ឈិន សុផានិត ហៅពេជ្រធំ ព្រមទាំងបក្ខពួក កំពុងសង្ងំលាក់ខ្លួន ក៏បើកចិច្ចប្រតិបត្តិការដើម្បីចាប់ជនសង្ស័យទាំងនោះ ដោយមានការចូលរួមសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអន្តរាគមន៍ពិសេស នៅពេលដឹងថា កម្លាំងសមត្ថកិច្ចឡើងព័ទ្ធបម្រុងចាប់ខ្លួន ក្រុមជនសង្ស័យទាំងនោះ បាននាំគ្នារត់គេចខ្លួនចូលក្នុងព្រៃបាត់អស់។

កម្លាំងជំនាញបានធ្វើការរុករកជនសង្ស័យ ពេលយប់រហូតដល់ភ្លឺម៉ោង ០៨ព្រឹក ទើបចាប់ខ្លួនបានមេក្លោងឈ្មោះ ឈិន សុផានិត ហៅពេជ្រធំ និងបក្ខពួកចំនួន០២នាក់ទៀត ព្រមទាំងដកហូតបានម៉ូតូ០៤គ្រឿង ក្នុងនោះមាន០៣គ្រឿង កំពុងដោះបំបែក យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

បន្ទាប់ពីសាកសួរជនសង្ស័យរួចហើយ កម្លាំងសមត្ថកិច្ចបានក៏បន្តស្រាវជ្រាវដើម្បីតាមចាប់ខ្លួនបក្ខពួករបស់ជនសង្ស័យបានម្នាក់បន្ថែមទៀត នៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចផែរ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យបានសារភាពថា ម៉ូតូដែលលួចបានគឺយកទៅបញ្ជាំឲ្យឈ្មោះ រ៉ឹម មាទ នៅម្តុំផ្លូវអូរ២ រហូតដល់វេលាម៉ោង ១១៖០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដែលទទួលផលចោរកម្ម នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការដកហូតបានម៉ូតូចំនួន០៣គ្រឿង ដែលជាផលចោរកម្ម។

ជារួមក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៩នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១៖ឈ្មោះ ឈិន សុផានិត ហៅពេជ្រធំ អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ សុះ សាក់រ៉នី ហៅ វីន អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅយ៉ត អាយុ២១ឆ្នាំ, ទី៤៖ឈ្មោះ ប្រាក់ ទ្រី ហៅពេជ្រតូច អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ សី សុភា អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ អ៊ុច សីហា អាយុ១៧ឆ្នាំ, ទី៧៖ឈ្មោះ វ៉ាន់ ចាន់សុធី អាយុ៣២ឆ្នាំ, ទី៨៖ឈ្មោះ ភួង រ៉ាវីន អាយុ២៦ឆ្នាំ និងទី៩៖ឈ្មោះ រ៉ឹម មាទ អាយុ៣៤ឆ្នាំ។

វត្ថុតាងចាប់យកបានរួមមាន៖ កម្បាំងម៉ូតូមួយចំនួន, សម្ភារ និងគ្រឿងម៉ូតូមួយចំនួន, ម៉ូតូចំនួន ១០គ្រឿង។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕