(កំពង់ធំ)៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជាមេបញ្ជាការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានទទួលស្បៀងអាហារ ថវិកា និងសម្ភារបរិក្ខារពេទ្យ គណៈបញ្ជាការយោធាទីក្រុងហូជីមីញ នៃកងទ័ពប្រជាជនវៀតណាម បានផ្តល់ជូនជាលើកទី២។

អំណោយទាំងអស់នេះ នឹងចែកបន្ដដល់គ្រួសារកងទ័ពទាំងអស់ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ និងសម្រាប់អង្គភាពប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំកងកម្លាំងទាំងអស់ និងក្រុមគ្រួសារត្រូវបន្តការការពារពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថាមេរោគដ៏កាចសាហាវមួយនេះ នៅក្បែរយើងជានិច្ច ប្រសិនបើយើងមានការធ្វេសប្រហែស វានឹងឆ្លងជាក់ជាមិនខាន។

ចុងក្រោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្ត និងនាំយកស្បៀងអាហារ និងថវិកាដែលជាជំនួយឧបត្ថម្ភទាំងនេះ ទៅផ្តល់ជូនប្រជាពលរដ្ឋគ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ឲ្យដល់ដៃបងប្អូនពិតប្រាកដ។

សម្ភារដែលទទួលបាន អង្ករចំនួន២០តោន, មីម៉ាម៉ា ចំនួន១,០០០កេស, ទឹកស៉ីអ៉ីវ និងទឹកត្រី ចំនួន១,០០០យួរ និងថវិកាមួយចំនួនទៀត សម្រាប់បន្តទិញស្បៀងអាហារ បម្រើការក្នុងវិស័យមនុស្សធម៌, ម៉ាសបួនស្រទាប់ ចំនួន១០០,០០០ម៉ាស, ម៉ាសសម្រាប់គ្រូពេទ្យ ចំនួន៥០,០០០ម៉ាស, ម៉ាស៊ីនសម្រាប់វាស់ស្ទង់កម្ដៅ ចំនួន១០០គ្រឿង, ខោអាវសម្រាប់ការពារមេរោគ ចំនួន១,០០០កំប្លេរ, ទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ចំនួន២,០០០ដប, ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន២០គ្រឿង និងថ្នាំសម្លាប់មេរោគ ៥០ធុង៕