(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។ លោកបន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ឧប្បត្តិហេតុទាំងឡាយ ជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់។

លោកទេសរដ្ឋមន្ត្រី គន់ គីម លើកឡើងបែបនេះ ក្នុងពេលអញ្ជើញបើកវគ្គហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយដល់កងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហា និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក៏បានជះឥទ្ធិពលមិនល្អដល់កម្ពុជាផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជា តែងតែជួបនូវគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីកត្តាធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។ បន្ថែមពីលើកត្តាធម្មជាតិនេះ កម្ពុជា ក៏ប្រឈមនឹងឧប្បត្តិហេតុផ្សេងៗកើតចេញពីសកម្មភាពរបស់មនុស្សគ្រាដែលសង្គមជាតិកំពុងមានការអភិវឌ្ឍនោះ។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសមត្ថភាពក្រុមសង្គ្រោះ ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុផ្សេងៗដែលអាចកើតមាន។ លោក គន់ គីម បានចាត់ទុកការបើកវគ្គហ្វឹកហ្វឺនសង្គ្រោះដល់កងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣ ជាវគ្គហ្វឹកហ្វឺនដ៏មានសារសំខាន់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានៅពេលមានហេតុការណ៍គ្រោះមហន្តរាយកើតមាននៅក្នុងខេត្តព្រះវិហារ ក៏ដូចជាខេត្តឧត្តរមានជ័យ។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យសិក្ខាកាមទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះជំនាញពីគ្រូបង្គោលក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីពង្រឹងសមត្ថភាពសង្គ្រោះ។ អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ ក៏បានក្រើនរំលឹកសិក្ខាកាមជាអ្នកសង្គ្រោះទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវស្មារតីជាអ្នកសង្គ្រោះ គឺត្រូវតែពុះពារអត់ធ្មត់ជម្នះការលំបាកទាំងឡាយ ដើម្បីសម្រេចប្រតិបត្តិការ គឺជួយដល់អាយុជីវិតរបស់ជនរងគ្រោះ។

លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដូច្នេះ «ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយវាក៏ជាសមរភូមិមួយដែរ។ សមរភូមិនេះ ក៏មានសារសំខាន់ណាស់ដែរ ព្រោះថាយើងត្រូវជួយដល់អាយុជីវិតរបស់ជនរងគ្រោះ។ គ្មានអ្វីសំខាន់ជាងអាយុជីវិតនេះទេ ដូច្នេះពេលចូលសមរភូមិសង្គ្រោះនេះ យើងជាអ្នកសង្គ្រោះត្រូវតែតាំងចិត្ត និងប្តេជ្ញាជម្នះរាល់ការលំបាកទាំងឡាយដោយស្វាហាប់បំផុត ដើម្បីសម្រេចគោលដៅចម្បងរបស់យើង គឺត្រូវតែជួយយកអាយុជីវិតជនរងគ្រោះឱ្យបាន»

ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននាព្រឹកមិញនេះ ដោយសារតែកងពលធំអន្តរាគមន៍លេខ៣ ជាកងពលមួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្កើតឡើងក្នុងពេលកម្ពុជាមានសង្គ្រាមជាមួយប្រទេសថៃកាលពីឆ្នាំ២០០៨នោះ ក៏មានការរំលឹកនូវអនុស្សាវរីយ៍មួយចំនួនកាលពី១២ឆ្នាំមុននោះផងដែរ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលធំលេខ៣ បានរំលឹកពីការដឹកនាំបញ្ជារបស់លោកទេសរដ្ឋមន្ត្រី គន់ គីម នៅលេីសមរភូមិព្រំដែនកម្ពុជា-ថៃ និយាយជារួម និងនិយាយដោយឡែកនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ដោយដោះស្រាយសភាពការណ៍បានទាន់ពេលវលាការពារបានបូរណភាពទឹកដី។

លោក ស្រី ឌឹក បានរំលឹកថា ដោយអនុវត្តយ៉ាងហ្មឺងម៉ាត់បទបញ្ជារបស់សម្តេចតេជោ និងការផ្តាំផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នោះនាយឧត្តមសេនីយ៍ គន់ គីម តែងតែចុះជាប់ជាមួយកងទ័ពនៅតាមខ្សែត្រៀមជួរមុខ ដោះស្រាយរាល់ការលំបាកជូនកងទ័ព និងគ្រួសារ ធ្វេីឱ្យកម្លាំងប្រដាប់អាវុធនៅសមរភូមិ ព្រំដែនចងចាំជានិច្ចនូវសកម្មភាពរបស់នាយឧត្តមសេនីយ៍ គន់ គីម។

លោក គន់ គីម ក៏បានរំលឹកពីអនុស្សាវរីយ៍ដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាកាលពី១២ឆ្នាំមុន តស៊ូប្រយុទ្ធលើសមរភូមិ ដើម្បីការពារបូរណភាពទឹកដីតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលរបស់កម្ពុជា។ លោក គន់ គីម រំលឹកទៀតថា ក្រោមការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់របស់សម្តេចតេជោ ធ្វើឱ្យកងទ័ពនៅសមរភូមិប្រសិទ្ធិនាមជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា បើទោះបីជាពេលនេះរូបលោកត្រូវចេញទៅបំពេញការងារផ្នែកស៊ីវិលក្តី តែរូបលោកនៅតែនឹករលឹក និងគិតដល់កងទ័ពជានិច្ច។ លោក គន់ គីម ក៏បានលេីកសសេីរដល់កងទ័ពទាំងអស់ ដែលបានខិតខំអនុវត្តសម្រេចរាល់ភារកិច្ច ហើយបានផ្តាំផ្ញេីដល់កងកម្លាំងប្រដាប់អាវុធត្រូវចងចាំដឹងគុណដល់សន្តិភាព ដឹងគុណស្ថាបនិកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ហើយត្រូវគោរពដាច់ខាតនូវបទបញ្ជារបស់សម្តេចជោ ប្រមុខរាជរដ្ឋាភិបាល ដោយការពារឱ្យបាននូវបូរណភាពទឹកដី។

បន្ទាប់ពីការបើកវគ្គហ្វឹកហ្វឺនសង្គ្រោះ និងសំណេះសំណាលជាមួយកងទ័ពនោះទៅ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានធ្វើដំណើរឡេីងទៅសួរសុខទុក្ខ កងទ័ពដែលឈរជេីងនៅលេីភ្នំប្រាសាទព្រះវិហារ និងភ្នំចាក់ច្រែង ដែលជាស្លាកស្នាមអនុស្សាវរីយ៍រួមគ្នាតស៊ូការពារបូរណភាពទឹកដីកាលពី១២ឆ្នាំមុន៕