(កំពង់ឆ្នាំង)៖ ក្រុមអាជីវករកាប់ជ្រូក នៅទីសត្តឃាដក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ហើយរកស៊ីលក់ដូរនៅផ្សារលើ និងផ្សារឆ្នាំង(ផ្សារក្រោម)ចំនួន៨នាក់ចំណោម១២នាក់ បានបញ្ចេញប្រតិកម្មតវ៉ា ចំពោះការបញ្ចូលបន្ថែម អាជីវករថ្មីចំនួន៦នាក់ទៀត។
ប្រតិកម្មតវ៉ាខាងលើនេះ បានកើតឡើងរយៈពេលជាង១ខែកន្លងមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយសមស្របណាមួយដែល ក្រុមអាជីវករចាស់ ទទួលយក នោះឡើយ។ មិនត្រឹមតែគ្មានដំណោះស្រាយបែរជាក្រុមពេទ្យសត្វ អនុញ្ញាតចេញលិខិតអាជីវកម្ម ឲ្យអាជីវករថ្មីទាំង៦នាក់ ចូលទៅកាប់ជ្រូកនៅទីសត្តឃាដខាងលើទៀតផង ដែលគេប្រទះឃើញ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ រហូតមានការតវ៉ារៀបតែកើតជាជម្លោះហិង្សារវាងអាជីវករចាស់ និងអាជីវករថ្មីទៅហើយ។ ស្ត្រីជាអាជីវករម្នាក់ក្នុងចំណោម៨នាក់ បានរៀបរាប់ថា អាជីវករមានគ្នាទាំងអស់១២នាក់ ក្នុងមួយថ្ងៃកាប់ជ្រូកម្នាក់ខ្លះ១ក្បាល ឯអ្នកខ្លះទៀត ពីរឬបីក្បាលប៉ុណ្ណោះលក់មិនអស់ សាច់ជ្រូកផង បើថែមអាជីវករថ្មីទៀតបែបនេះ ធ្វើឲ្យពួគគាត់រិតតែមានបញ្ហាធ្ងន់ធ្ងរ ពិសេសជីវភាពប្រចាំថ្ងៃ ព្រោះហេតុថាអាជីវករថ្មី ទាំងនោះមានអាជីវកម្មកាប់ជ្រូក នៅផ្សារពង្ររួចទៅហើយ មិនគួរអនុញ្ញាតឲ្យចូលមកក្នុងផ្សារលើ និងផ្សារឆ្នាំង (ផ្សារក្រោម) ធ្វើឲ្យមានការប្រជែងគ្នាបែបនេះឡើយ។
កន្លងទៅថ្មីៗនេះ នៅស្នាក់ការផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង មានការប្រជុំរកដំណោះស្រាយ រវាងក្រុមអាជីវករ លើបញ្ហាការតវ៉ានេះ ប៉ុន្តែការប្រជុំនាពេលនោះ ត្រូវបានគេរាយការណ៍ថា មិនចេញលទ្ធផលវិជ្ជមានឡើយ បែរជាក្លាយទៅជា ទីលានជម្លោះរវាងអាជីវករ និងមន្ត្រីបសុពេទ្យទៅវិញ។ ក្រុមអាជីវករបានរៀបរាប់ទៀតថា ជារៀងរាល់ដងប្រចាំថ្ងៃ គឺជ្រូក១ក្បាល ដែលកាប់នៅទីសត្តឃាដ គេយកតម្លៃផាស៊ី៥ពាន់រៀល និងបង់ឲ្យពេទ្យសត្វ៤ពាន់រៀល ពន្ធដារ១៥០០រៀល។
ពាក់ព័ន្ធព័ត៌មានខាងលើ បើយោងប្រភពមួយមិនទាន់ជាផ្លូវការ បានបង្ហើបឲ្យដឹងថា ការបញ្ចូលអាជីវករថ្មីទាំងនេះត្រូវបានគេ សង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយដោយហេតុព័ត៌មាន ទទួលបាននោះគឺម្នាក់ៗ ចំណាយលុយរត់ការចាប់ពី ៣ពាន់ទៅ៥ពាន់ដុល្លារ។ ជុំវិញប្រភពខាងលើ មន្ត្រីពេទ្យសត្វ ដែលឈរនៅទីសត្តឃាដ នាព្រឹកទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បាននិយាយថា ទីផ្សារេសរីអាជីវករណាក៏ មានសិទ្ធិចូលកាប់ជ្រូកដូចគ្នា ដូច្នេះមិនអាចហាមឃាត់ពួកគាត់បានឡើយ។
ការចោទប្រកាន់យ៉ាងណានោះត្រូវបានច្រានចោលទាំងស្រុងផងដែរ។ បើទោះយ៉ាងណា ក្រុមអាជីវករចាស់ចំនួន៨នាក់ បានដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ទៅលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្ឌិត អ៊ុក រ៉ាប៊ុន រួចហើយកាលពីម្សិលមិញ៕