(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពលក់ថ្នាំញៀន ត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះបង្រ្កាបនៅចំណុចផ្លូវកែង ក្បែរការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដឹកនាំដោយ លោកវេសេនីយ៍ឯក ជា តារា មេបញ្ជាការរង អាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន១៤កញ្ចប់ និងសម្ភារមួយចំនួនទៀត។

លោកវរសេនីយ៍ឯក ជា តារា បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពិត សាញ់ អាយុ៣២ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការសាសួរ។ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានលក់ថ្នាំញៀនពិតប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕