(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ ក្នុងនាមជាប្រធានសាខាកាកបាទក្រហមខេត្តកណ្ដាល បានធ្វើជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន១៤៥គ្រួសារ ដែលមានជីវិភាពខ្វះខាត ចាស់ជរា បាត់បង់សមត្ថភាពការងារ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណវត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ក្នុងពិធីនេះដែរ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងតាខ្មៅ ព្រះតំណាងសម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណ ខេត្តកណ្តាល ព្រះមន្ត្រីសង្ឃស្រុកតាមឋានានុក្រម ព្រះគ្រូចៅអធិការវត្តទាំង៤១ ក្នុងស្រុកខ្សាច់កណ្តាល លោកស្នងការរង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ២៥០អង្គ/នាក់។

ថ្លែងក្នុងពិធីនេះដែរ លោកបាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចទាំងទ្វេរ សូមជម្រុញ និងលើកទឹកចិត្តដល់ ព្រះសង្ឃ លោកយាយ លោកតាប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា សុខភាព អនាម័យ ខ្លួនប្រាណ ជៀសផុតពីជំងឺដំកាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាបិសាចលាក់មុខដ៏កាចសាហាវគ្មានថ្នាំព្យាបាល ក៏ប៉ុន្តែយើងអាចការពារកុំឲ្យឆ្លងពីមនុស្សម្នាក់ ទៅមនុស្សទៀតបាន គឺយើងទាំងអស់គ្នាត្រូវគោរព និងអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាសនៅពេលចេញក្រៅ ឧស្សាហ៍លាងដៃនឹងទឹកសាប៊ូ ឬជែល រក្សាគម្លាតសុវត្ថិភាព យ៉ាងហោច ១ម៉ែត ទៅ១.៥០ម៉ែត្រ។

សូមរំលឹកថានេះ ជាលើកទី៥ហើយ ក្នុងឆ្នាំនេះ ដែលគណៈសង្ឃវត្តព្រះវិហារសួគ៌ បានរៀបចំនូវអំណោយដើម្បីចែកជូនញាតិញោមប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយសម្រាប់សម្ភារជាគ្រឿងឧបភោគ បរិភោគ ដែលបានរៀបចំនេះគឺព្រះសង្ឃទទួលបានពីពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លានាំយកមកប្រគេនដល់ព្រះសង្ឃ ហើយគណៈសង្ឃវត្តបានចាត់ចែងនូវសម្ភារមួយចំនួន ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារក្នុងឱកាសនេះតែម្តង។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារដែលអញ្ជើញចូលរួមក្នុងពិធីនេះមាន៖
* ទី១៖ ភូមិស្វាយមាស ចំនួន៤៥គ្រួសារ
* ទី២៖ ភូមិតាកែវ១ ចំនួន០៥គ្រួសារ
* ទី៣៖ ភូមិតាកែវ២ ចំនួន៣៥គ្រួសារ
* ទី៤៖ ភូមិព្រៃធំ ចំនួន១៦គ្រួសារ
* ទី៥៖ ភូមិវិហារសួគ៌ត្បូង ចំនួន២៨គ្រួសារ
* ទី៦៖ ភូមិវិហារសួគ៌ជើង ចំនួន១៦គ្រួសារ។

ចំពោះអំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗ ទទួលបានក្នុងឱកាសនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល៕