(រតនគីរី)៖ លោក ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ។

បន្ថែមពីលើនេះ លោក ជៀង អំ ក៏បានបង្ហាញពីភាពជោគជ័យសំខាន់ ដែលរាជរដ្ឋាភិបាលសម្រេចបានមួយចំនួន រួមមាន សុខសន្តិភាព, ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ និងការរៀបចំដោះស្រាយបោះបង្គោលព្រំដែនជាមួយវៀតណាមបាន៨៤ភាគរយ។

ការលើកឡើងរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នាព្រឹកថ្ងៃ២៩ ខែ សីហា ឆ្នាំ២០២០ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ លោក ជៀង អំ ក៏បានប្រគល់សេចក្តីសម្រេចថ្មីជូនដល់អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត។

ប្រធានក្រុមការងារបានឡើងមានមតិសំណេះសំណាលជាមួយអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្ត និងថ្នាក់ដឹកនាំគណបក្ស ក្នុងមូលដ្ឋានដោយលោកបាន ប្រសាសន៍ ផ្តាំផ្ញើនិងក្រើនរំលឹកសមាជិក សមាជិកាក្រុមកាងារគណបកសប្រជាជន ក្នុងឱកាសប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តរតនគិរី នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ នៅសាលមហោស្រពសម្តេចតេជោ។

ជាមួយគ្នានោះ លោក ជៀង អំ ក៏បានផ្តល់អនុសាសន៍មួយចំនួនរួមមាន បន្តថែរក្សានិងពង្រឹងគុណតម្លៃសន្តិភាព, មិនអនុញ្ញាតឲ្យមានបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា, ពង្រឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងខិតខំប្រមូលចំណូលថវិកាជាតិ។

បន្ថែមពីលើនោះ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តរតនគិរី ក៏បានបង្ហាញពីគោលនយោបាយ បន្តរបស់រាជរដ្ឋាភិបាលផងដែរ គឺបន្តដឹកនាំប្រឆាំងជំងឺកូវីដ១៩ (រដូវភ្ជំបិណ្ឌ និងឱកាសបើកសាលារៀនលើកដំបូង), អនុវត្តនយោបាយផ្តល់ប័ណ្ណសមធម៌ ជូនជនក្រីក្រ និងគោលការផ្តល់ប្រាក់ឧបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូន ឲ្យមានប្រសិទ្ធភាពនិងតម្លាភាព, បន្តពង្រឹងរចនាសម្ព័ន្ធ ចាត់តាំង និងកសាងបក្ស(ពង្រឹងចាស់ពង្រីកថ្មី,យុវជន កម្មករ), ចលនាពលរដ្ឋជាពិសេសសមាជិកបក្សប្រជាជន ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះមូលដ្ឋានជួបប្រជាជនដោះស្រាយបញ្ហាជូនប្រជាជន៕