(ប៉ៃលិន)៖ លោកបណ្ឌិត គួយ ធាវី ដែលជាអ្នកចិញ្ចឹមឃ្មុំមួយរូប នៅក្នុងខេត្តប៉ៃលិន បានបង្ហាញមហិចតាចង់ឲ្យខេត្ដមួយនេះ ក្លាយទៅជាខេត្ត ដែលផលិតទឹកឃ្មុំធំជាងគេនៅកម្ពុជា។

ជាក់ស្ដែង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកអភិបាលរងខេត្ត និងសហការី បានចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមឃ្មុំ របស់លោកបណ្ឌិត គួយ ធាវី នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បណ្ឌិត គួយ ធាវី បានរៀបរាប់អំពីលក្ខណៈជីវសាស្រ្តរបស់ឃ្មុំ និងផលិតកម្មទឹកឃ្មុំ។ ខេត្តប៉ៃលិន ជាខេត្តមានសក្តានុពលខ្ពស់ ក្នុងការផលិតទឹកឃ្មុំដោយសារ ខេត្តនេះ មានចំការតាង៉ែន និងដំឡូងមីច្រើន ដែលជាប្រភពផ្តល់លំអងផ្កាសម្រាប់ឃ្មុំក្រេបយកជាតិស្ករ។

លោកថា ក្នុងចំការតាង៉ែន១ហិកតា អាចដាក់ធុងឃ្មុំបាន១ ហើយក្នុងធុង១ អាចដាក់បង្គងផ្លិតបាន១០ ក្នុងខែតាង៉ែនចេញផ្លា ផ្លិតឃ្មុំ ១អាចផ្តល់ទឹកឃ្មុំ ១លីត្រ ហើយបច្ចុប្បន្នទឹកឃ្មុំ១លីត្រតម្លៃ ១០ដុល្លារ។

អនាគតលោកបណ្ឌិត ចង់ឲ្យខេត្តប៉ៃលិន ជាខេត្តផលិតទឹកឃ្មុំធំជាងគេនៅកម្ពុជា ដោយសារសក្តានុពលនៃដំណាំតាង៉ែន និងដំឡូងមី ជាពិសេសទុនវិនិយោគទាប និងទទួលចំណូលខុស។

លោកបណ្ឌិត បានអំពាវនាវឲ្យម្ចាស់ចំការគួរចិញ្ចឹមឃ្មុំ ដើម្បីទាញយកប្រយោជន៍ពីទឹកឃ្មុំ និងបង្កើនផលិតកម្មតាង៉ែនផងដែរ ដោយសារឃ្មុំជាភ្នាក់ងារបង្កាត់ពូជ។

លោក ក៏បានលើកឡើងពីបញ្ហាផងដែរថា ដោយសារការផ្គត់ផ្គង់ទឹកឲ្យដំណាំតាង៉ែន និងឈើហូបផ្លែផ្សេងៗពុំមាននិរន្តរភាព ធ្វើឲ្យរុក្ខជាតិចេញផ្កាទៅតាមរដូវ នេះជាបញ្ហាដល់ការផលិតទឹកឃ្មុំនៅរដូវប្រាំងហួតហែង។

បន្ទាប់ពីបានជ្រាបខ្លះៗអំពីលក្ខណជីវសាស្រ្តរបស់សត្វឃ្មុំ និងផលិតកម្មទឹកឃ្មុំ លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវចំណេះដឹង និងលទ្ធផលស្រាវជ្រាវកន្លងមករបស់ក្រុម ការងារដែលឈានទៅសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ។

ដោយយល់ពីសារប្រយោជន៍ របស់ទឹកឃ្មុំ និងតួនាទីរបស់មេឃ្មុំ ក្នុងការជួយក្នុងវិស័យបង្កាត់ពូជដំណាំ លោករដ្ឋមន្ត្រី វេង សាខុន បានជូនមតិថា គួរខិតខំពង្រីកផលិតកម្មនេះ ឲ្យបានកាន់តែច្រើនថែមទៀត និងគួរសិក្សាអំពីផលិតផលប្រចាំតំបន់ (GI) សម្រាប់ខេត្តប៉ៃលិន ដើម្បីឲ្យអតិថិជនទទួលស្គាល់ ផលិតផលនេះ កាន់តែច្រើន រួមទាំងការវេចខ្ចប់ផងដែរ។

លោករដ្ឋមន្ត្រី វេង សាខុន បានគាំទ្រនូវគំនិតចង់ចងក្រងសហគមន៍ផលិតទឹកឃ្មុំប៉ៃលិន ដើម្បីបង្កើនបរិមាណផលិត ផ្សព្វផ្សាយ និងមានការទទួលស្គាល់ ពីគ្រប់មជ្ឈដ្ឋាន៕