(ប៉ៃលិន)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានណែនាំដល់មន្ដ្រីជំនាញ ចុះចាក់ថ្នាំការពារសត្វពាហនៈ របស់ប្រជាពលរដ្ឋឲ្យបានទូទាំងប្រទេស ដើម្បីចៀសវាងការកើតជំងឺឆ្លង។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ដ្រី វេង សាខុន ដឹកនាំក្រុមការងារ ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វពាហនៈ នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរ និងមន្រ្តីជំនាញខិតខំអនុវត្ត ឲ្យបានគ្រប់ផែនការ ធ្វើយ៉ាងណាឲ្យសត្វពាហនៈ របស់ប្រជាពលរដ្ឋទទួលបានថ្នាំការពារ ចៀសវាងការកើតជំងឺឆ្លង ដែលនាំឲ្យប៉ះពាលដល់ផលិតកម្មគោ ក្របី រួមទាំងសេដ្ឋកិច្ចគ្រួសារ។

លោកថា ត្រូវជំរុញឲ្យកសិករយើងចិញ្ចឹមគោ ក្នុងក្រោល ឬក្នុងកសិដ្ឋានត្រឹមត្រូវ តាមបច្ចេកទេស ធានាបានសុខភាពល្អ និងចំណូលខ្ពស់ ឈប់លែងសត្វគោ ក្របីឲ្យដើរស៊ីពាសវាលពាសកាល ដែលជាឱកាសឆ្លងជំងឺបានយ៉ាងងាយ និងបំផ្លាញផលដំណាំទៀតផង។

ចិញ្ចឹមសត្វត្រូវចាក់ថ្នាំការពារជំងឺឆ្លងគ្រប់ប្រភេទ ដូច្នេះលោករដ្ឋមន្ត្រី វេង សាខុន បានយកឱកាសនេះ ណែនាំឲ្យម្ចាស់សត្វ មាន់ ទា ជ្រូក គោ ក្របី ចៀម និងពពែរ ទាំងជាលក្ខណគ្រួសារ និងក្រុមហ៊ុននៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ចាក់ថ្នាំការពារសត្វឲ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីធានាថាសត្វចិញ្ចឹម មានសុខភាពល្អសម្រាប់មនុស្សបរិភោគ។

នៅថ្ងៃដដែលនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្ដចុះទៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីពិនិត្យ កសិដ្ឋានចិញ្ចឹមបង្កង តាមបែបធម្មជាតិរបស់បង ជួន មុន្នីរិទ្ធ។

ម្ចាស់កសិដ្ឋានបានរៀបរាប់ជូនលោករដ្ឋមន្ត្រី វេង សាខុន ជ្រាបថា កសិដ្ឋានទើបចាប់ផ្តើមដំណើរ ការក្នុងខែឧសភា ឆ្នាំ២០២០ បច្ចុប្បន្នមានអាងចិញ្ចឹមទាំងតូច និងធំចំនួន២៨អាង មានពូជញី និងឈ្មោលចំនួន១០០០គូ និងកូនចំនួន ៥០០០ក្បាល កូនមានតម្លៃ ១៥០០- ២០០០រៀល/ក្បាល។ ទិសដៅចង់ពង្រីកឲ្យបាន ៣០អាង និងស្រះចំនួន៤ទៀត លើផ្ទៃដី ២០ហិកតា ដើម្បីបង្កើនបរិមាណបង្កងសាច់ផ្គត់ផ្គងឲ្យទីផ្សារ។ បងប្រុសបានសំណូមពរ ឲ្យជួយផ្នែកបច្ចេកទេស និងកម្ចីឥណទានការប្រាក់ទាបផងដែរ។

លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់បងប្រុស នេះជាការចាប់ផ្តើមចិញ្ចឹមបង្កងបែបធម្មជាតិ ដែលបានបង្ហាញថា ជាការចូលរួមជំរុញវិស័យវារីវប្បកម្មឲ្យមានការរីកចម្រើន ក្នុងខេត្តប៉ៃលិន។ ការផ្តល់ចំណេះដឹងផ្នែកបច្ចេកទេស និងបទពិសោធន៍ រដ្ឋបាលជលផល និងមន្ទីរគួរផ្តល់ជូនតាមសំណើរ ដើម្បីស្វែងរករីកចម្រើន និងបន្តពង្រីកអាជីវកម្ម ចិញ្ចឹមបង្កងឲ្យមានការរីកដុះដាលប្រកបដោយនិរន្តរភាព ចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កងឲ្យទីផ្សារក្នុងស្រុក ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន។

លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម ក៏បន្ដទៅភូមិអូរពឺត សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន អញ្ជើញមកពិនិត្យសួនបន្លែគ្រួសារ របស់បងស្រី ញឹប កែវ ដែលទទួលបានជំនួនជាផ្ទះសំណាញ់ (១០ម៉ែត្រ គុណ ៣៦ម៉ែត្រ) ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ។

អ្នកស្រីម្ចាស់សួនបានរៀបរាប់ជូនលោករដ្ឋមន្ត្រី វេង សាខុន ជ្រាបអំពីការងារដាំដុះបន្លែ (ស្ពៃ ខាត់ណា និងសាលាដ) ការប្រមូលផល ទីផ្សារ ចំណូល និងបញ្ហាផ្សេងៗ។

អ្នកស្រីបានថ្លែងអំណរគុណលោករដ្ឋមន្ត្រី វេង សាខុន និងមន្រ្តីកម្មវិធី ដែលតែងតែផ្តល់កំលាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យអាជីវកម្មរបស់បងស្រី រីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន បានសង់ផ្ទះសំណាញ់ដោយប្រើថវិកាផ្ទាល់ខ្លួន ប្រមាណជាង៥,០០០ដុល្លារ។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យសួនបន្លែរួចមក លោករដ្ឋមន្ត្រី វេង សាខុន បានសាទរចំពោះជោគជ័យ ដែលអ្នកស្រីទទួលបាននាពេលនេះ ដោយចាប់ផ្តើមពីការដាំដុះ នៅលើទីវាលប្រឈមបញ្ហាជាច្រើន បច្ចុប្បន្នមានផ្ទះសំណាញ់ ប្រើគ្រឿងចក្រជំនួសពលកម្មមនុស្ស និងមានសមត្ថភាពសង់ផ្ទះសំណាញ់ខ្លួនឯងមួយបន្ថែមទៀត។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូល គ្រួសាររបស់បងស្រី ដែលផលិតកម្មបន្លែសុវត្ថិភាពកំពុងមានការកើនឡើងជាលំដាប់ ស្របពេលដែលតម្រូវការទីផ្សារមានការកើនឡើង។

លោករដ្ឋមន្ដ្រី វេង សាខុន សុំឲ្យអ្នកស្រីខិតខំសិក្សា រៀនសូត្របច្ចេកទេស សិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍បន្ថែមទៀត ដើម្បីឲ្យអាជីវកម្មដំណាំបន្លែរបស់បាងស្រីមានចីរភាព និងនិរន្តរភាព៕