(ភ្នំពេញ)៖ សាស្ត្រាចារ្យសាសនាឥស្លាមលោក មូសា អះម៉ាត់ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២០ នូវអត្ថន័យនៃពិធីបុណ្យអាស៊ូរ៉ា ខណៈមនុស្សមួយចំនួនបានយកពិធីបុណ្យនេះទៅប្រព្រឹត្តិផ្ទុយពីសាសនាដោយបានធ្វើបាបរាងកាយខ្លួន ខណៈនេះជារូបភាពមួយធ្វើឱ្យមានការយល់ច្រឡំជាសាកលលោកថា បុណ្យអាស៊ូរ៉ា នៃសាសនាឥស្លាមជាបុណ្យឃោរឃៅធ្វើបាបរាងកាយខ្លួនឯងទៅវិញ។

ប៉ុន្តែធាតុពិតពិធីបុណ្យនេះជាការរម្លឹកដល់គុណូបក្ការៈចំពោះអល់ឡោះជាម្ចាស់ ដែលបានសង្រ្គោះព្យាការី មូសា អាឡៃហ៊ីសាឡាម ពីការតាមសម្លាប់ផ្ដាច់ពូជរបស់ក្រុមហ្វៀរអ៊ូន (ហ្វារ៉ាអុង) នៃអាណាចក្រអេហ្ស៊ីបបូរាណ។

ខាងក្រោមនេះជាសំណួរ-ចម្លើយខ្លះៗ ពាក់ព័ន្ធនឹងចំណេះដឹង និងអត្ថន័យនៃពិធីបុណ្យអាស៊ូរ៉ារវាងអ្នកយកព័ត៌មាន Fresh News និងលោកសាស្រ្តាចារ្យ មូសា អះម៉ាត់៖

*Fresh News ៖ តើអ្វីទៅជាថ្ងៃអាស៊ូរ៉ា?

*សាស្ត្រាចារ្យមូសា៖ ថ្ងៃអាស៊ូរ៉ាគឺជាថ្ងៃទី១០ ខែមូហើររ៉ម ដែលជាខែទីមួយតាមប្រក្រតិទិនឥស្លាម។

*Fresh News ៖ តើអ្នកឥស្លាមគួរប្រតិបត្តិយ៉ាងណាខ្លះនៅថ្ងៃអាស៊ូរ៉ា?

*សាស្ត្រាចារ្យមូសា៖ នៅក្នុងសាសនាឥស្លាមគេជំរុញឱ្យអ្នកឥស្លាមដែលមានលទ្ធភាពត្រូវបួស ប៉ុន្តែមិនត្រូវបានដាក់ជាកាតព្វកិច្ចទេ ពោលគឺជាប្រការស្ម័គ្រចិត្តប៉ុណ្ណោះ ចំណែកផលបុណ្យវិញ ដូចមានចែងក្នុងច្បាប់ ឥស្លាមគឺជម្រុះចោលនូវបាបកម្មក្នុងរយៈពេលមួយឆ្នាំដែលកន្លងផុតទៅ។

* Fresh News ៖ តើមានព្រឹត្តិការណ៍អ្វីខ្លះពាក់ព័ន្ធនឹងថ្ងៃអាស៊ូរ៉ា?

*សាស្រ្តាចារ្យមូសា៖ វាជាថ្ងៃដែលអល់ឡោះជាម្ចាស់បានរំដោះព្យាការីរបស់អល់ឡោះឈ្មោះ មូសា ពីការតាមសម្លាប់របស់ហ្វៀរអ៊ូន (ហ្វារ៉ាអ៊ុង) និងបានពន្លិចហ្វៀរអ៊ូនទៅក្នុងសមុទ្រព្រោះ ទង្វើអយុត្តិធម៌ ជាច្រើនរបស់គាត់ដែលរួមមានអំពើប្រល័យពូជសាសន៍ផងដែរ ហើយអ្នកជំនាន់មុនក៏បានបួសថ្លែងអំណរគុណចំពោះអល់ឡោះ ហើយព្យាការីមូហាំម៉ាត់ក៏បានប្រើឲ្យបួសដែរ នៅថ្ងៃនោះ។

*Fresh News ៖ តើដំណាក់កាលនៃការបួសអាស៊ូរ៉ា បានចាប់ផ្តើមយ៉ាងដូចម្តេចនាសម័យកាលព្យាការីមូហាំម៉ាត់?

*សាស្រ្តាចារ្យមូសា ៖ ការបួសអាស៊ូរ៉ានេះមាន៣ដំណាក់កាលនៅសម័យព្យាការីចុងក្រោយរបស់អល់ឡោះគឺមូហាំម៉ាត់គឺ៖

*ដំណាក់កាលទី១៖ នៅដំណាក់ទីក្រុងម៉ាក់កះ ព្យាការីមូហាំម៉ាត់បានបួសតែម្នាក់ឯងដោយមិនទាន់បានប្រើ អោយសាសនិកឥស្លាមបួសទេ។
*ដំណាក់កាលទី២៖ ក្រោយបានភៀសខ្លួនដល់ទីក្រុងម៉ាឌីណះ លោកបានបួសនិងបានប្រើអ្នកឥស្លាមឱ្យបួសដែរ មានន័យថាវាជាកាតព្វកិច្ចលើអ្នកឥស្លាម ។
*ដំណាក់កាលទី៣៖ ក្រោយមកពេលដែលអល់ឡោះបានដាក់រ៉ម៉ាឌនជាបួសកាតព្វកិច្ចប្រចាំឆ្នាំ បួសថ្ងៃអាស៊ូរ៉ានេះត្រូវបានផ្លាស់ប្តូរទៅជាបួសស៊ូណិតឬស្ម័គ្រចិត្តវិញចាប់ពីពេលនោះមក។

* Fresh News ៖ មនុស្សមួយចំនួនពិសេសក្រុមនិកាយស្ស៊ីអះ បានយកថ្ងៃអាស៊ូរ៉ា ដោយជួបជុំគ្នាវាយធ្វើបាប ធ្វើទារុណកម្មរាងកាយខ្លួនឯង , តើសកម្មភាពនេះត្រឹមត្រូវក្នុងសាសនាឥស្លាមទេ ?

*សាស្រ្តាចារ្យមូសា៖ ចំពោះក្រុមមនុស្សនៃនិកាយស្ស៊ីអះ ដែលយកថ្ងៃអាស៊ូរ៉ាទៅធ្វើការជួបជុំគ្នាធ្វើបាបរាងកាយ ឬធ្វើទារុណកម្មរាងកាយខ្លួន ខ្លះវិញរៀបពិធីជប់លៀងអាហារឬអ្នកខ្លះទៀតប្រារព្វពិធីកាន់ទុក្ខចំពោះមរណភាពរបស់ហ៊ូហេស ចៅរបស់ព្យាការីមូហាំម៉ាត់នោះ វាគឺជាទង្វើមិនត្រឹមត្រូវនៅក្នុងឥស្លាមនោះឡើយ៕