(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវការព្រួយបារម្ភពីភាពយឺតយ៉ាវ នៃការប្រមូលផលស្រូវសែនក្រអូប ធ្វើឲ្យការនាំចេញអង្ករក្នុងខែសីហា និងខែកញ្ញាធ្លាក់ចុះ។
ការយឺតយ៉ាវនៅរដូវកាលប្រមូលផលស្រូវសែនក្រអូបនេះ ដោយសារតែបម្រែបម្រួល អាកាសធាតុ។
ការព្រួយបារម្ភនេះ ក្នុង «កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការប្រមូលផលស្រូវដើមដៃ និងការនាំចេញអង្ករ» ក្រោមការដឹកនាំ លោក ជូ វិជិត្ត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាស្តីការក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
សហព័ន្ធស្រូវអង្ករកម្ពុជា មានការព្រួយបារម្ភលើបញ្ហាមួយចំនួនដែលរួមមាន៖
១៖ បម្រែបម្រួល អាកាសធាតុ ដែលជំរុញឲ្យមានភាពយឺតយ៉ាវក្នុងការប្រមូលផល និងទិន្នផល ជាពិសេសប្រភេទស្រូវសែនក្រអូប
២៖ ភាពយឺតយ៉ាវក្នុងការផ្តល់ទិន្នផល បានជំរុញឲ្យការនាំចេញអង្ករធ្លាក់ចុះយ៉ាងគំហុក ជាពិសេសក្នុងខែសីហា ហើយនិងឈានដល់ខែកញ្ញាផងដែរ
៣៖ ការព្រួយបារម្ភ ក្នុងរយៈពេលវែងខាងមុខ លើការបម្រែបម្រួលអាកាសធាតុលើសន្តិសុខស្បៀងក្នុងស្រុក
និង៤៖ ឥណទានបន្ថែមដល់រោងម៉ាស៊ីន ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ និងលក្ខខណ្ឌបង្វិល នារដូវកាលច្រូតកាត់ថ្មី។
បន្ទាប់ពីការពិភាក្សា ផ្លាស់ប្តូរយោបល់ លើបញ្ហាដែលបានលើកឡើងដូចខាងលើនេះ យ៉ាងផុសផុលពីសំណាក់សមាជិកអង្គប្រជុំ និងក្រោមការសម្របសម្រួល របស់លោកប្រធានអង្គប្រជុំរួចមក លោកប្រធានបានធ្វើការវាយតម្លៃខ្ពស់ចំពោះធាតុចូលទាំងអស់ ហើយលោកនឹងរាយការណ៍ ជូនលោកអគ្គបណ្ឌិតសភាចារ្យបន្ត ដើម្បីសុំគោលការណ៍ដោះស្រាយ និងលើកបន្តជូនដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់នូវសេចក្តីសម្រេច ក៏ដូចជាផ្តល់នូវអនុសាសន៍ នៅក្នុងបញ្ហានានា ដែលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះ ក្នុងគោលបំណងដើម្បីជួយជំរុញផលិតកម្មស្រូវអង្ករ និងការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕