(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានចេញបកស្រាយបំភ្លឺ លើករណីមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ចុះផ្សាយដោយដាក់ចំណងជើងថា «ក្រសួងមិនទាន់មានចំណាត់ការច្បាស់លាស់ គណៈសង្ឃ និងប្រជាពលរដ្ឋប្តឹងបន្ថែម ឲ្យដកប្រធានមន្ទីរខេត្តព្រះសីហនុ»។
បើតាមលោក សេង សុមុនី លើទំព័រសារព័ត៌មាននេះ បានលើកឡើងដោយបង្ហាញពីករណីមិនប្រក្រតី ពុករលួយ ហើយបន្តដល់ការបញ្ជាក់ពីបញ្ហាលោកស្រី ងួន ធួន ភរិយារបស់រដ្ឋមន្រ្តីទៀតផង។ ករណីភាពមិនប្រក្រតី ពុករលួយខាងលើនេះ ត្រូវបានអ្នកនាំពាក្យអះអាងថា «ក្រសួងបានប្រជុំដោះស្រាយសម្របសម្រួលចប់សព្វគ្រប់ អស់ហើយ ទន្ទឹមនឹងនោះ អង្គភាពប្រឆាំងអំពើពុករលួយ បានសិក្សា និងបង្ហាញថា មិនមានកំហុសឆ្គងនោះទេ ដូចមានលិខិតភ្ជាប់ជាមួយនេះស្រាប់»។ ចំពោះករណីសារព័ត៌មានបានលើកឡើងថា បានជួបដោះស្រាយ ជាមួយលោកជំទាវ គឺមិនមែនភរិយាលោករដ្ឋមន្ត្រីនោះទេ គឺលោកជំទាវ កែវ សុធារី អគ្គនាយិកា រដ្ឋបាល និងហរិញ្ញវត្ថុជាក្រុមប្រឹក្សាវិន័យ ដើម្បីធ្វើការសួរនាំ លើករណីទាំងអស់នេះ។
ដូច្នេះភរិយាលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មិនបានលូកដៃក្នុងរឿងនេះទេ។ លោក សេង សុមុនី បានបន្តទៀតថា ករណីថាព្រះមេគណដឹកនាំប្តឹងបន្តទៀតនោះ រឹតតែមិនពិតទៅទៀត ដោយព្រះមេគណ បានធ្វើលិខិតអះអាង ជាលាយលក្ខ័អក្សរដូចជូនភ្ជាប់ជាមួយស្រាប់។ ដូច្នេះសូមសាធារណជនមេត្តាជ្រាប ហើយរឿងនេះ យើងបានដោះស្រាយតាំងពីឆ្នាំ២០១៤រួចហើយ មិនមែនរឿងថ្មីទេ ហើយសាច់រឿងតែមួយ៕