(បន្ទាយមានជ័យ)៖ យុវជនម្នាក់រស់នៅខេត្តបន្ទាយមានជ័យ មានគំនិតចេះច្នៃរថយន្តដើមម៉ាកតូយ៉ូតាកាមរីហើមឆ្នាំ១៩៩៣ ឲ្យក្លាយទៅជារថយន្តប្រភេទស្ព័រ បាញ់ថ្នាំពណ៌ខ្មៅយ៉ាងស្រស់ស្អាត។

យុវជនរូបនេះបានបញ្ជាក់ថា ក្រុមគ្រួសាររបស់ខ្លួនរកលុយទិញឡានថ្មីទំនើបមិនបាន ទើបសម្រេចយករថយន្តកាមរីស៊េរី ៩៣ យកមកកែច្នៃរក្សាទុកផ្នែកខាងក្នុង ម៉ាស៊ីន តួ ប្រព័ន្ធនានា ហើយកែច្នៃរាងខាងក្រៅទៅជារថយន្តស្ព័រមួយគ្រឿង យ៉ាងស្រស់ត្រកាលបែបនេះ។

យុវជន ឈួន ណារ៉ា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៩ បាននិយាយថា ខ្លួនជាកូនម្ចាស់សហគ្រាសកែច្នៃម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់ នៅភូមិចម្ការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ រយៈពេលជិត១ឆ្នាំ ក្នុងកំលុងនៃការីករាលដាលជំងឺកូវីត១៩ ខ្លួនបានខិតខំស្រង់បទពិសោធន៍ ស្រាវជ្រាវទាំងផ្នែករឹង និងផ្នែកទន់ តាមគំរូជាក់ស្តែង និងតាមកុំព្យួទ័រ រួចកែច្នៃរថយន្តដើមម៉ាកតូយ៉ូតាកាមរីហើមឆ្នាំ១៩៩៣ ឲ្យក្លាយទៅជារថយន្តប្រភេទស្ព័រ ហើយបាញ់ថ្នាំពណ៌ខ្មៅឡើងយ៉ាងស្រស់ស្អានេះ។

ចំណែកលោក ឈួន សុផាន់ ដែលត្រូវជាឪពុកបានប្រាប់ឲ្យដឹងថា រថយន្តស្ព័រដ៏ស្រស់ស្អាតមួយគ្រឿងនេះ ជាស្នាដៃកូនខ្មែរ ហើយសូមថ្នាក់ដឹកនាំ និងក្រសួងសាធារណជន មេត្តាជួយរិះគន់ ក្នុងន័យស្ថាបនា យោគយល់អធ្យាស្រ័យ និងគាំទ្រផង។

ការកែច្នៃជារូបរាងឡានតូចថ្មីនេះ គឺដោយសារមានឡានចាស់ស្រាប់ដែលមានពន្ធ មានស្លាកលេខដដែលតែសុំជាន់សន្លឹកថ្មី ហើយកំលុងពេលនេះ មិនទាន់អាចរកលុយទិញឡានថ្មីបាន ហើយគ្រួសារលោកក៏ចេះច្នៃស្រាប់ ទើបកូនប្រុសរបស់លោកកែច្នៃសម្រាប់ជិះឲ្យមើលទៅដូចឡានថ្មីទំនើប ហើយអាចជិះចូលចំណោមគេបាន។ ទោះយ៉ាងណា លោកមិនទាន់គណនាចេញបានថា ការកែច្នៃត្រូវចំណាយលុយអស់ប៉ុន្មានដែរ។

លោក ឈួន សុផាន់ ក៏សូមអភ័យទោសជាមុនបើមានអ្វីឆ្គាំឆ្គង ហើយលោក និងកូនប្រុស ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងសេចក្តីត្រេកអរ និងសូមថ្លែងអំណគុណចំពោះក្រសួង ក៏ដូចមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត អនុញ្ញាតឲ្យរថយន្តច្នៃនេះអាចឆៀក និងអាចប្រើប្រាស់បាន៕