* រាស្ត្រកើតទុក្ខរឿងល្បែងបញ្ជល់មាន់នៅកាស៊ីណូហេងហេង និង GMG ស៊ីលុយរាស្ត្រខ្មែររាល់ថ្ងៃ បែរជាអាជ្ញាធរសមត្ថកិច្ចត្រជាក់ល្ហឹមដូចត្រូវថ្នាំសណ្ដំ!
(ភ្នំពេញ)៖ ក្រោយ Fresh News ចេញផ្សាយអត្ថបទមានចំណងជើងថា «អ្នកខេត្តត្បូងឃ្មុំសូមឲ្យនាយករដ្ឋមន្ត្រី បញ្ជាបង្ក្រាបល្បែងបញ្ជល់មាន់នៅកាស៊ីណូមាត់ច្រកត្រពាំងផ្លុង ដូចបញ្ជាបង្ក្រាបព្រៃឈើផង!» រួចមក តំណាងក្រុមហ៊ុនកាស៊ីណូ ហេងហេង បានទូរស័ព្ទមកធ្វើការអះអាងថា កាស៊ីណូរបស់ខ្លួនមានច្បាប់ត្រឹមត្រូវ បើទោះបីកាស៊ីណូបានផ្អាកដំណើរការ តែនៅបង់ពន្ធជូនរដ្ឋជារៀងរាល់ខែ ដូចនេះការបើកសង្វៀនបញ្ជល់មាន់ គឺស្ថិតក្នុងច្បាប់កាស៊ីណូមិនមែនអត់ច្បាប់នោះទេ។ ប៉ុន្តែតំណាងក្រុមហ៊ុនខាងលើបានសារភាពថា មួយរយៈនេះក្រុមហ៊ុនខកខានក្នុងការបង់ពន្ធជូនរដ្ឋអស់មួយរយៈមកហើយមែន។
អ្នកដឹងរឿងបានអះអាងថា ទោះបីកាស៊ីណូហេងហេងមានច្បាប់បើកសង្វៀនជល់មាន់ភ្នាល់ដាក់លុយ ជ្រកក្រោមច្បាប់កាស៊ីណូក៏ដោយ តែច្បាប់ស្ដីពីល្បែងស៊ីសង គឺមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងនោះទេ។ ដោយឡែកសម្រាប់សង្វៀនជល់មាន់ភ្នាល់ដាក់លុយនៅអតីតកាស៊ីណូហេងហេង ក៏ដូចនៅកាស៊ីណូ GMG គឺសុទ្ធតែប្រជាពលរដ្ឋខ្មែរចូលលេងជាង ៩០ភាគរយឯណោះ ជនបរទេសមានតិចតួចបំផុត។
សូមបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ មានប្រិយមិត្តអ្នកអានបានទូរស័ព្ទមកកាន់ការិយាល័យនិពន្ធ Fresh News សូមឲ្យនាយហ្វ្រេស ជួយផ្សាយពីល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយ មួយថ្ងៃៗចាញ់ឈ្នះរាប់ម៉ឺន រាប់សែនដុល្លារ ហើយអ្នកលេងភាគច្រើនជាជនជាតិខ្មែរ នៅក្នុងអតីតកាស៊ីណូនាមាត់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ប្រយោជន៍ឲ្យប្រមុខរាជរដ្ឋាភិបាលបានដឹង និងមានវិធានការបង្ក្រាបផង បើមិនដូច្នេះទេពួកគាត់ក៏ដូចអ្នកខេត្តផ្សេងៗទៀត នឹងធ្លាក់ខ្លួនក្រដោយសារតែប្ដី និងកូនចៅរបស់ពួកគាត់ញៀនតែរឿងទៅជល់មាន់ ចាញ់អស់លុយហើយភ្លេចការងាររកស៊ីចិញ្ចឹមគ្រួសារថែមទៀត។
មិត្តអ្នកអានជាប្រជាពលរដ្ឋរស់នៅភូមិជីមាន់ ក្បែរផ្លូវចូលទៅច្រកទ្វារព្រំដែនត្រពាំងផ្លុង បានអះអាងថា ដោយសារតែគេឃុបឃិតគ្នាឲ្យមានបើកល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយនៅតាមកាស៊ីណូ និងអតីតកាស៊ីណូ ហើយអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងនោះហើយ បានធ្វើឲ្យប្ដីរបស់គាត់មួយថ្ងៃៗ ញៀនតែទៅជល់មាន់ភ្នាល់ដាក់លុយ ទោះជាពេលខ្លះអត់លុយចាក់ភ្នាល់ក៏ទៅមើលគេជល់ដែរ ភ្លេចអស់ហើយការងាររកស៊ីធ្វើចំការចិញ្ចឹមប្រពន្ធកូន។ ដូច្នេះពួកគាត់សំណូមពរសូមឲ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ច ជួយមានវិធានការចុះទៅបង្ក្រាបឲ្យដូចសម្ដេច បញ្ជាឲ្យបង្ក្រាបបទល្មើសព្រៃឈើ ឈ្មួញដឹកយកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកខេត្តត្បូងឃ្មុំផង ជាពិសេសអាជ្ញាធរសមត្ថកិច្ចខេត្តត្បូងឃ្មុំតែម្ដង។
ពាក់ព័ន្ធទៅនឹងល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយ មានជនជាតិខ្មែរចូលលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយគ្មានការអើពើលុបបំបាត់ នេះបើតាមប្រភពព័ត៌មានដែលដឹងរឿងពីមាត់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នមានទីតាំងចំនួន ២កន្លែង បានបើកបញ្ជល់ភ្នាល់ដាក់លុយ តែគេចែកវេណគ្នាលេង។ ក្នុងនោះវង់ទី១ គេបើកលេងនៅខាងក្រោយជាប់របងកាស៊ីណូ GMG តែជ្រកក្រោមផ្លាកកាស៊ីណូ ក្នុងមួយសប្ដាហ៍បើកជល់ ៤ថ្ងៃ គឺថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ មានមេវង់ជាប្អូនប្រុសរបស់ឧកញ៉ារកស៊ីឈើដ៏ល្បីម្នាក់។ ចំណែកវង់ទី២ គឺបើកលេងនៅក្នុងអតីតកាស៊ីណូហេងហេង នៅក្បែរគ្នា មួយអាទិត្យបើក ៣ថ្ងៃគឺថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ បើកលេងឆ្លាស់ថ្ងៃគ្នា មានមេវង់គេស្គាល់ឈ្មោះ ស្រ៊ុន ម៉េងលឹម ជាប្អូនប្រុសរបស់ម្ចាស់ទីតាំងអតីតកាស៊ីណូហេងហេងតែម្ដង ដោយការបើកវង់នេះគ្មានច្បាប់អនុញ្ញាតអ្វីនោះទេ ព្រោះកាស៊ីណូបានបិទទ្វារជិត ១ឆ្នាំហើយ មិនតែប៉ុណ្ណោះភ្ញៀវចូលលេងសុទ្ធតែជាខ្មែរថែមទៀត។
វង់បញ្ជល់មាន់ទាំងពីរកន្លែងខាងលើ ក្នុងមួយថ្ងៃៗមានមាន់ជល់មកពីគ្រប់ទិសទីរាប់សិបគូ ត្រូវបានគេយកមកប្រជល់ភ្នាល់ដាក់លុយ ចាប់បើកពីម៉ោង១១ថ្ងៃត្រង់តទៅ រហូតដល់ល្ងាច អមដោយវង់បាញ់អាប៉ោង វង់បៀរថែមទៀត។ ចំណែកការជល់ភ្នាល់ដាក់លុយ គឺសម្រេចលើម្ចាស់មាន់ព្រមព្រៀងគ្នា មានចាប់ពីមួយគូ ៥០០ដុល្លារ ៣០០០ដុល្លារ ៥០០០ដុល្លារ ឡើងរហូតដល់រាប់ម៉ឺនដុល្លារ ទៅតាមម្ចាស់មាន់មានលទ្ធភាពហ៊ានភ្នាល់ ឬមិនហ៊ាន។ ក្រៅពីនេះនៅក្នុងវង់ក៏មានអ្នកចាក់ភ្នាល់គ្នារាប់សិបនាក់ថែមទៀត ដោយគេមានធ្វើប័ណ្ណពណ៌ខៀវ និងពណ៌ក្រហមសម្គាល់ ដោយប័ណ្ណមួយសន្លឹកស្មើទឹកប្រាក់ ៥០ម៉ឺនរៀល បើអ្នកណាចាក់១លានរៀល ត្រូវទិញប័ណ្ណ ២សន្លឹក ហើយបើឈ្នះ មេវង់គេដកតុង៥ភាគរយ មានន័យថាឈ្នះ ១លាន ដកតុង ៥ម៉ឺនរៀល។ ចំណែកម្ចាស់មាន់ក៏មេវង់ដកតុង៥ភាគរយដូចគ្នា បើចាក់ឈ្នះ ១ម៉ឺនដុល្លារ គឺដកតុង៥០០ដុល្លារ។
ដូច្នេះក្នុងមួយថ្ងៃៗមេវង់រកចំណូលពីតុងបានរាប់ពាន់ដុល្លារ ដោយនេះគេនៅមិនទាន់គិតពីការជួលទីតាំងឲ្យគេបើកវង់អាប៉ោង វង់បៀរគ្រប់ប្រភេទ និងដាក់ទូហ្គេមបាញ់ត្រី និងកន្លែងលក់បាយ លក់គ្រឿងភេសជ្ជៈផងនោះទេ។ គេថាដោយសារតែចំណូលបានច្រើនបែបនេះហើយ ទើបមេវង់ជល់មាន់ទាំងពីរកន្លែងខាងលើ មានលុយអាចបិទមាត់មន្ត្រីអាជ្ញាធរសមត្ថកិច្ចនៅក្នុងខេត្តត្បូងឃ្មុំបាន។
គេថាសម្រាប់វង់ជល់មាន់នៅក្រោយកាស៊ីណូ GMG ចុះ គេអាចបន្លំភ្នែកថ្នាក់លើ និងមហាជនបាន ព្រោះផ្លូវចូលតាមច្រកកាស៊ីណូ គេអាចយកលេសថាជារបស់កាស៊ីណូ បើកលេងស្របច្បាប់សម្រាប់តែភ្ញៀវបរទេស។ ចុះវង់ជល់មាន់នៅក្នុងអតីតកាស៊ីណូហេងហេង កាស៊ីណូនេះបិទជិត ១ឆ្នាំទៅហើយ តើគេមានសំអាងអីដែលថាស្របច្បាប់នោះ! ចុះបើដឹងថាអត់ច្បាប់ហើយម្ដេចមិននាំគ្នាចុះបង្ក្រាប ឬបង្ក្រាបបានតែអ្នកភូមិជល់ដាក់មួយម៉ឺន ពីរម៉ឺនរៀល? ដូចនេះសូមប្រមុខរាជរដ្ឋាភិបាល ជួយមានវិធានការតាមសំណូមពររាស្ត្រផង។ កុំភ្លេចថាមានល្បែងមានចោរឲ្យសោះ៕