(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្ដីពី ការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក K&L ព្រោះដោយសារគ្មានលេខប្រវេសន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ខណៈផលិតផលមិនស្របច្បាប់នេះ កំពុងមានការផ្សព្វផ្សាយលក់ជាហូរហែនៅលើបណ្ដាញសង្គម។

ការប្រកាសឱ្យដឹងនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលក្រសួងសុខាភិបាលពិនិត្យឃើញនៅលើបណ្ដាញសង្គម Facebook មានគណនីមួយចំនួន ដែលមានឈ្មោះដូចជា «គីមលាង ស្គីនឃែរ» «K&L Cosmetic brand» «កូនស្រលាញ់ ម៉ាក់ជាងគេ» «Thanh TuyenNguyen» «ជឿជាក់សម្រស់ ប្រចាំថ្ងៃ គឺ-K&L Brand» «Kimhorm Thim» និងគណនីផ្សេងៗជាច្រើនទៀតកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក K&L នេះ។
ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលបានតម្រូវឱ្យម្ចាស់គណនី Facebook ខាងលើ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតនេះតទៅទៀត ហើយប្រសិនបើពុំដូច្នេះទេ ក្រសួងនឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ជាក់ជាមិនខាន។

ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឈប់ជឿលើការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook និងឈប់ប្រើប្រាស់ផលិតផលគ្រឿងសម្អាងនេះតទៅទៀត។

ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖