-អភិបាលខេត្តឧត្តរមានជ័យ៖ ក្រុមហ៊ុនដីសម្បទានខ្លះអាងមាន ស.ជ.ណ មិនសហការជាមួយខេត្ត លុះពេលមានបញ្ហាមកស្តីបន្ទោស
(ឧត្តរមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានដាស់តឿនដល់មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យថា មុននឹងចេញលិខិតអនុញ្ញាត ឲ្យក្រុមហ៊ុនដឹកជញ្ជូនឈើណាមួយ ត្រូវពិនិត្យមើល តើក្រុមហ៊ុនទាំងនោះ មានច្បាប់ឈូសឆាយ ពីក្រសួងបរិស្ថានហើយឫនៅ?
បើគ្មានច្បាប់ឈូសឆាយទេ ដាច់ខាតមិនត្រូវចេញលិខិតដឹកជញ្ជូនឈើ ដែលគេហៅថា PC ឲ្យជាដាច់ខាត។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នៃការអនុវត្តន៍របស់អនុគណៈកម្មការ ថ្នាក់ខេត្តនៃគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច និងបញ្ហាទំនាស់ដីធ្លី ក្នុងខេត្តឧត្តរមានជយ័ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា «កន្លងមកមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចខ្លះ មិនបានអនុវត្តន៍ តាមគោលការណ៍ដែលបានស្នើរសុំឡើយ គឺគេធ្វើយ៉ាងណា សំរុកតែការកាប់ឈើ លក់តែប៉ុណ្ណោះ។ អញ្ជឹងហើយបានជា លោកស្នើសុំឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់មុន នឹងចេញលិខិតអនុញ្ញាត ឲ្យក្រុមហ៊ុនណាមួយដឹកជញ្ជូនឈើ គឺត្រូវពិនិត្យមើលថា តើក្រុមហ៊ុននោះមានច្បាប់អនុញាត ឈូសឆាយចេញពីក្រសួងបរិស្ថានហើយឬនៅ»?
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានលើកឡើងថា កន្លងមកលោកមិនដែលដឹងថា ក្រុមហ៊ុនដីសម្បទានសដ្ឋកិច្ច នៅក្នុងខេត្តគេធ្វើអ្វីឲ្យពិតប្រាកដនោះទេ និយាយរួម គឺក្រុមហ៊ុនទាំងនោះ មិនបានសហការជាមួយអជ្ញាធរខេត្តនោះឡើយ គឺគេធ្វើអ្វីដោយសំអាងតែទៅលើ ស.ជ.ណ លុះពេលមានបញ្ហាបែរជាចោទអាជ្ញាធរថា មិនចូលរួមសហការទៅវិញ ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះ បានអនុវត្តន៍បានល្អផងដែរ។ ចំពោះការដឹកជញ្ជូនឈើក៏ដូច្នេះដែរ លោកមិនបានដឹងនោះទេ លុះពេលគេចុះកាសែត គឺគេចុះតែរូបលោកតែប៉ុណ្ណោះ ដែលកន្លងមកលោកតែងតែ ដាក់វិធានការឲ្យសមត្ថកិច្ចពាក់ពន្ធ័ ពិសសមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ និងការកាប់រុករានដីព្រៃរបស់រដ្ឋ។
លោក ស ថាវី បានគូសបញ្ជាក់ទៀតថា «ដូចជាករណីដីនៅចំណុចអូរអំបិល ស្ថិតក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ក្នុងនាមអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋដើម្បីឲ្យគាត់រស់នៅដោយស្របច្បាប់ ហើយក្នុងនាមជាអភិបាលខេត្ត និងប្រធានក្រុមការងារចុះជួយខេត្ត បានស្នើសុំទៅសម្តេចប្រមុខរាជរដ្ឋាភិបាល សុំកាត់ដីជូនប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ លុះពេលយើងធ្វើពិធីចែកបណ្ណជាបណ្តោះអាសន្ន ស្រាប់តែប្រជាជននៅតាមខេត្តផ្សេងៗ ដែលចាញ់បោកគេ បែរជាប្តឹងអាជ្ញាធរថា មិនយកចិត្តទុកដាក់ គិតគូរពួកគាត់ទៅវិញ»។
ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ស ថាវី រួចមក លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនបានកោតសរសើរដល់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ ដោយបានបញ្ចប់វិវាទ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ព្រមទាំងបញ្ហាសេសសល់មួយចំនួនទៀត ត្រូវយកចិត្តទុកដាក់ធ្វើឲ្យបានជោគជ័យ។ គួរបញ្ជាក់ថា នៅក្នុងខេត្តឧត្តរមានជ័យ មានដីសម្បទានសេដ្ឋកិច្ច ចំនួន១៦ក្រុមហ៊ុន ដែលបានធ្វើសកម្មភាពរបស់ខ្លួន រហូតមកដល់ពេលនេះ៕