(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ខ្លួនទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ថែមទៀត សរុបទុនវិនិយោគជាង៤៦.២លានដុល្លារ បង្កើតការងារថ្មីរាប់រយកន្លែង។
Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (អាលុយមីញ៉ូម និងដែក) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង និងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង មានទុនវិនិយោគប្រមាណ៣៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១២នាក់។
២៖ ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨នាក់។
៣៖ ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់យួរដៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៩នាក់៕