(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរហើយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០កន្លងទៅ ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាក្រោមកម្មវិធី «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ដោយយកពន្ធលើទំនិញកម្ពុជាប្រមាណ ២០ភាគរយ។ ការសម្រេចនេះរាជរដ្ឋាភិបាលកម្ពុជា មិនតវ៉ានោះទេ ប៉ុន្តែអ្នកប្រវត្តិសាស្ត្រ និងអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជាមួយចំនួនបានបង្ហាញការសោកស្តាយចំពោះការសម្រេចនេះ។
ក្នុងអ្នកប្រវត្តិសាស្ត្រ និងអ្នកវិភាគសង្គមបានមើលឃើញការសម្រេចរបស់សហភាពអឺរ៉ុប គឺជាកាយវិការមួយធ្វើឡើងផ្គាប់ចិត្តក្រុមអតីតគណបក្សប្រឆាំង ដោយមើលរំលងនូវសន្តានចិត្ត ក៏ដូចជាទង្វើល្អជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងវេទិកាតុមូលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជាស្តីពីការប្រឈមរបស់កម្ពុជាចំពោះបញ្ហាពិភពលោកនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រប្រវត្តិសាស្ត្រកម្ពុជា បានលើកឡើងថា ការយកពន្ធប្រមាណ ២០ភាគរយលើទំនិញកម្ពុជាពីសហភាពអឺរ៉ុបនេះ វាមិនប៉ះពាល់ធ្ងន់ធ្ងរនោះឡើយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ តែសម្រាប់អ្នកប្រវត្តិសាស្ត្ររូបនេះ គឺឈឺចិត្តនឹងសហភាពអឺរ៉ុបច្រើនជាងសម្រាប់ការសម្រេចចិត្តនេះ។
លោក ដៀប សុផល បានលើកឡើងថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប គឺធ្វើឡើងតាមការទាមទាររបស់ក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា។ លោក សុផល បានចាត់ទុកក្រុមអតីតគណបក្សសង្គ្រោះជាតិថា ជាឧក្រិដ្ឋជន ដែលបានប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់កាលពីឆ្នាំ២០១៣។
លោក ដៀប សុផល បានថ្លែងយ៉ាងដូច្នេះ «កាត់ EBA មិនប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុន្មានទេ ២០ភាគរយហ្នឹង។ បើគិតពីទំហំសេដ្ឋកិច្ចរបស់យើងសព្វថ្ងៃ ក៏ប៉ុន្តែប៉ះពាល់ផ្លូវចិត្ត។ ប៉ះពាល់ផ្លូវចិត្តយ៉ាងម៉េច? កាត់ EBA ២០ភាគរយ ដោយសារគេចង់ឱ្យយើងដើរតាមលទ្ធិប្រជាធិបតេយ្យមួយដែលបង្គាប់បញ្ជា ប៉ុន្តែយើងមិនឱនក្បាលទេ។ នរណាគេដែលទាមទារកាត់ EBA គឺពួកអតីតគណបក្សប្រឆាំងទាមទារឱ្យកាត់ ហើយពួកហ្នឹងបានធ្វើផ្គរធ្វើភ្លៀងក្នុងលក្ខណៈមួយធ្វើឱ្យសង្គមអនាធិបតេយ្យ បាតុកម្មឆ្នាំ២០១៣ ឱ្យសង្គមឡើងវល់ ហើយទីបំផុតឈានទៅរំលាយបក្សហ្នឹងចោល»។
សាស្ត្រប្រវត្តិសាស្ត្រដែលមានកេរ្តិ៍ឈ្មោះល្បីកម្ពុជារូបនេះ បានសម្តែងការមិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដោយចាត់ទុកការសម្រេចចិត្តដោយមិនបានមើលពីទង្វើល្អជាច្រើនដែលកម្ពុជាបានធ្វើ។ ទង្វើដែលកម្ពុជាបានធ្វើក្នុងឆាកអន្តរជាតិនោះមានដូចជាការបញ្ជូនកងកម្លាំង ដើម្បីរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ព្រមទាំងការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យអ្នកដំណើរលើនាវាវេសស្ទើដាមចូលចតនៅកម្ពុជាកាលពីដើមពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ។
លោក ដៀប សុផល ចាត់ទុកទង្វើរបស់សម្តេចតេជោ ហ៊ុន សែន នេះ ជាទង្វើមនុស្សធម៌មួយដ៏ធំធេងសម្រាប់មនុស្សជាតិ។
លោក សុផល បានបង្ហាញសោកស្តាយចំពោះសហភាពអឺរ៉ុបយ៉ាងដូច្នេះ «ខ្ញុំមានអារម្មណ៍មួយថា យើងបានបំពេញតួនាទីអន្តរជាតិច្រើនណាស់ កងទ័ពយើងមួយម៉ឺននាក់ បានបញ្ជូនទៅប្រទេសកំពុងច្បាំងគ្នា ដើម្បីការពារសន្តិភាពស្លាប់អស់ជិត ២០នាក់។ [...] កប៉ាល់រាប់ពាន់នាក់ដែលកំពុងផេលផាលនៅកណ្តាលសមុទ្រអត់មាននរណាឱ្យចូលដោយសាររឿងកូវីដ។ សម្តេច ហ៊ុន សែន បើកបេះដូងទទួលយក។ ម៉េចក៏មើលមិនឃើញអំពីសន្តានចិត្តរបស់ខ្មែរ។ អ៊ីចឹងហើយបានខ្ញុំចេះតែនឹកឃើញថា អាច្បាប់សិទ្ធិមនុស្សហ្នឹងជាច្បាប់ការពារជនឧក្រិដ្ឋ ឬមួយច្បាប់ការពារមនុស្សទូទៅ។ បើវាធ្វើអំពើមួយឧក្រិដ្ឋ ធ្វើឱ្យសង្គមចលាចលហើយ យករឿងហ្នឹងទៅការពារ តើមានន័យថាម៉េច?»។
ឆ្នាំ២០១៨ កម្ពុជានាំទំនិញចេញទៅសហភាពអឺរ៉ុបជាង ៦ពាន់លានដុល្លារ។ ក្នុងទំហំទឹកប្រាក់បានពីការលក់ទំនិញទៅសហភាពអឺរ៉ុបជាង ៦ពាន់លានដុល្លារនេះ កម្ពុជាចំណេញទឹកប្រាក់ប្រមាណ ៦០០លានដុល្លារពីការមិនបង់ពន្ធ។ ការសម្រេចរបស់សហភាពអឺរ៉ុបនេះ នឹងនាំឱ្យទំនិញកម្ពុជាជាផ្នែកខ្លះនៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារយកតាមខ្លួនសរុបប្រមាណ ៤០មុខ ដែលកម្ពុជាកំពុងនាំចេញពេលបច្ចុប្បន្ននឹងត្រូវបង់ពន្ធ។
ការសម្រេចនេះ នឹងនាំឱ្យទំហំទឹកប្រាក់នាំចេញរបស់កម្ពុជាជាង ១ពាន់លានដុល្លារ នៃទំហំទឹកប្រាក់នាំចេញសរុបនាពេលបច្ចុប្បន្នប្រមាណ ៦ពាន់ដុល្លារ នឹងត្រូវបង់ពន្ធជាង ១០០លានដុល្លារ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ការសម្រេចរបស់សហភាពអឺរ៉ុបហាក់មិនបានថ្លឹងថ្លែងលើស្តង់ដារនៃវិធានការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌកំណត់របស់សហភាពអឹរ៉ុបនោះទេ។
លោក គិន ភា បានលើកឡើងថា សហភាពអឺរ៉ុប លើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បែរជាមើលមិនឃើញពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាម ហើយចាប់ដៃធ្វើកិច្ចព្រមព្រមពាណិជ្ជកម្មសេរីជាមួយវៀតណាម ដែលមានលក្ខខណ្ឌគោរពសិទ្ធិមនុស្សទាបបំផុត។
លោក គិន ភា លើកឡើងដូច្នេះ «វាជាការអនុវត្តន៍នូវស្តង់ដារពីររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា។ គេតែងតែលើកនូវហេតុផលសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌ ដើម្បីជាលេសក្នុងការចូលជ្រាតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ការរំលោភលើអធិបតេយ្យរបស់កម្ពុជា។ គេអាចនិយាយបានថាតម្លៃស្នូលរបស់សហភាពអឺរ៉ុប គឺសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែខណៈដែលគេកំពុងដំណើរការនីតិវិធីនៃការព្យួរ ឬដក EBA ពីកម្ពុជា គឺពេលដំណាលគ្នានោះ គណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម បានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ដែលគេស្គាល់ថា ជាប្រទេសមានកំណត់ត្រាសិទ្ធិមនុស្សអាក្រក់មិនល្អ គ្មានលទ្ធិប្រជាធិបតេយ្យ។ សួរថាអ្វីជាស្តង់ដារសិទ្ធិមនុស្ស ស្តង់ដារប្រជាធិបតេយ្យ ដែលលោកខាងលិចតែងតែនិយាយ តែងតែតាំងខ្លួនជាបិតារបស់ពិភពលោកនៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ឬក៏យុត្តិធម៌នេះ»៕