(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីបើកដំណើរការប្រព័ន្ធប័ណ្ណសមាជិកភាព និងកម្មវិធី App របស់ខ្លួនផ្ទាល់ នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដើម្បីផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ និងភាពងាយស្រួលដល់សមាជិក សមាជិកា ក្នុងការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជារក្សាភាពជិតស្និត ក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក. តែមួយ។
ប័ណ្ណសមាជិកភាពដែល ស.ស.យ.ក. បានរចនាឡើង និងប្រកាសបើកដំណើរការនេះ មានទម្រង់ថ្មីប្លែក ហើយមានមុខងារសំខាន់ៗ ២យ៉ាង នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ស.ស.យ.ក.។
មុខងារទី១ នៃប័ណ្ណសមាជិកភាពនេះ គឺជាប័ណ្ណសម្គាល់នូវអត្តសញ្ញាណ និងភាពផ្លូវការ នៃសមាជិកភាព ស.ស.យ.ក. ហើយសម្រាប់មុខងារទី២វិញនោះ គឺប័ណ្ណសមាជិកភាពនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចប្រតិបត្តិការសម្រាប់ការទិញទំនិញនានា នៅបណ្តាហាងទំនិញ ភោជនីយដ្ឋាន ដែលជាដៃគូរសហការជាមួយនឹងការបញ្ចុះតម្លៃ តាមលក្ខណៈដែលបានកំណត់ ដោយសារ ស.ស.យ.ក. បានរចនាប័ណ្ណនេះជាទម្រង់ Pre-Paid UNIONPAY Card។
បើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ប័ណ្ណសមាជិកភាពនេះ គឺជាប័ណ្ណសមាជិកភាពដំបូងគេ នៃអង្គការ/សមាគម ដែលមានទម្រង់ជាប័ណ្ណសម្គាល់ខ្លួនផង និងជាប័ណ្ណដែលអាចបម្រើឱ្យការទូរទាត់ចំណាយនានាផងដែរ។
ជាមួយនឹងប័ណ្ណសមាជិកភាពនេះដែរ ស.ស.យ.ក. ក៏បាននឹងដាក់ដំណើរការកម្មវិធី App របស់ខ្លួន ដែលមានទម្រង់ជាបណ្តាញទំនាក់ទំនងសង្គម សម្រាប់ សមាជិក សមាជិកា ប្រើប្រាស់ក្នុងការចែករំលែកព័ត៌មាន មុខងារជជែកកម្សាន្ត(Chat)។ កម្មវិធី App នេះ ផងដែរនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់ អាចពិនិត្យរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់ នៃគណនី UYFC Pre-Paid UNIONPAY Card របស់ខ្លួន។
លើសពីនេះទៅទៀត តាមរយៈកម្មវិធី App នេះដែរ នឹងអនុញ្ញាតឱ្យមហាជន ជាពិសេសយុវជនដែលមានបំណងចូលរួមជាសមាជិក ស.ស.យ.ក. អាចចុះឈ្មោះបានតាមទម្រង់ជាប្រព័ន្ធអនឡាញ ដែលនេះជាយន្តការថ្មីមួយសម្រាប់ ស.ស.យ.ក. ក្នុងការរៀបចំពន្លឿនការធ្វើបច្ចុប្បន្នភាព និងសម្រួលការចុះឈ្មោះសមាជិកថ្មី៕