(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈមួយថា ដើម្បីស្តារមុខមាត់សម្រាប់វិស័យទេសចរ ចៅហ្វាយខេត្តជាប់មាត់សមុទ្រ ត្រូវតែធ្វើឱ្យភ្ញៀវទេសចរមានជំនឿជាមុនសិន ហើយប្រសិនបើធ្វើមិនបាននោះ ចៅហ្វាយខេត្តនោះ គួរតែត្រូវបានដកចេញតែម្តង។

លោកបណ្ឌិត សុខ ទូច បានលើកឡើងបែបនេះ វេទិការាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីជជែកពិភាក្សាមួយស្តីពីការត្រៀមខ្លួនរបស់កម្ពុជា ចំពោះមុខនៃបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបជាដើម។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានដែលចោទសួរអំពីវិធានការស្តារមុខមាត់ខេត្តជាប់មាត់សមុទ្រឡើងវិញ សម្រាប់ភ្ញៀវទេសចរទូទៅនោះ លោកបណ្ឌិត សុខ ទូច ចង់ឱ្យចៅហ្វាយខេត្តធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្ត លោកអះអាងថា តម្លៃម្ហូបអាហារនៅខេត្តទាំងនោះ ជារឿងសំខាន់ ដែលត្រូវគ្រប់គ្រងឱ្យច្បាស់លាស់ ហើយអ្នកលក់អាហារសមុទ្រនោះ ក៏មិនត្រូវគេងចំណេញពីភ្ញៀវតាមរយៈការលួចទម្ងន់ផងដែរ។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវធ្វើឱ្យគេ (ភ្ញៀវទេសចរ) មានជំនឿ បើធ្វើមិនកើតដកចេញ ខ្វះឬចៅហ្វាយខេត្ត? បើពិបាកឱ្យខ្ញុំទៅធ្វើចៅហ្វាយខេត្តម្តងមើល? ខ្ញុំធ្វើឱ្យមើល»

ដោយឡែកពាក់ព័ន្ធនឹងរឿងចៅហ្វាយខេត្តនេះដែរ នាពេលកន្លងទៅ លោក សុខ ទូច បានសង្កេតឃើញថា មូលដ្ឋានមួយចំនួន មិនបានអនុវត្តត្រឹមត្រូវតាមបញ្ជានាយករដ្ឋមន្រ្តីនោះឡើយ ហើយចៅហ្វាយខេត្តខ្លះប្រៀបដូចជាស្តេចត្រាញ់ដូច្នោះដែរ មិនចេះសហការគ្នាឡើយ។ លោកអះអាងថា ចៅហ្វាយខេត្តត្រូវចេះធ្វើការសហការគ្នា ដើម្បីពង្រីកផលប្រយោជន៍ជាតិ រុញច្រានប្រទេសកម្ពុជាឱ្យឆ្ពោះទៅមុខ។

លោកបានរំលឹកអំពីការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានកន្លងទៅ ដែលចាប់គោរបស់លោក ដោយចោទថាលោករកស៊ីគោ ខណៈដែលនាយករដ្ឋមន្រ្តីបានអនុញ្ញាត៕