(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិឈានមុខរបស់សាធារណរដ្ឋកូរ៉េ (KOICA) បានផ្តល់កញ្ចប់ជំនួយសន្តិសុខស្បៀង និងការឆ្លើយតបទៅនឹងកូវីដ-១៩ ដល់ប្រជាជនក្រីក្រ ដែលកំពុងជួបការលំបាកនៅប្រទេសកម្ពុជា ដែលគិតជាទឹកប្រាក់រហូតដល់ ១៥ម៉ឺនដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែសីហា KOICA បានទិញផលិតផលក្នុងស្រុក ដើម្បីរៀបចំជាកញ្ចប់ស្បៀង រៀបចំដោយការិយាល័យកយកាប្រចាំប្រទេសកម្ពុជា សំរាប់ឧបត្ថម្ភជាសន្តិសុខស្បៀង និងទ្រទ្រង់ជីវភាពប្រជាជនកម្ពុជា ដោយបានចែកជូនដល់ប្រជាជនងាយរងគ្រោះចំនួន ២០០០គ្រួសារ ក្នុងនោះមានប្រជាជនចំណាកស្រុក ប្រជាជនជួបការលំបាកនៅទីលានចាក់សំរាម ប្រជាជនក្រីក្រ នៅតំបន់គោលដៅចំនួន៦រាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
ការផ្តល់កញ្ចប់ស្បៀងនេះ គឺស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េ នៅក្នុងតំបន់គោលដៅ ដូចជា សហគមន៍ ហ្គ្រីនបឺអែល (Green Bethel Community) មជ្ឈមណ្ឌលបណ្តុះបណ្តាលជនពិការបន្ទាយព្រាប (Banteay Prieb Training Center for the Disabled) សមាគមន៍គាំទ្រការអប់រំជនភាសខ្លួន សម្រាប់អាហ្វ៊ិច និងអាស៉ី (African Asia Refugee Education Support Association) មូលនិធិសម្រាប់កុមារ (Children’s Foundation) អង្គការចែលរំលែកពិភពលោក (World Share) អង្គការស្ពានមនុស្សពិភពលោក (World Human Bridge), និងអង្គការវីដ (WITH)។
លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា «យើងបានព្យាយាមប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើន ដែលផលិតដោយសហគ្រាសសង្គម ដែលផលិតដោយជនងាយរងគ្រោះ ដូចនេះយើងមិនត្រឹមតែអាចជួយប្រជាជន ស្ថិតនៅក្នុងគម្រោងជំនួយរបស់យើងប៉ុណ្ណោះទេ គឺយើងបានជួយដល់សេដ្ឋកិច្ច និងប្រជាជនដែលកំពុងជួបការលំបាកបន្ថែមទៀត»។
ក្នុងកញ្ចប់ជំនួយនោះមានម្ហូបអាហារ និងផលិតផលសុខភាពចំនួន ១២មុខ ដូចជា អង្ករ២៥គីឡូក្រាម ត្រីងៀត១គីឡូ ត្រីខកំប៉ុង និងមី១កេះ ស្ករត្នោត គ្រឿងទេស ម៉ាស និងសៀវភៅអប់រំអំពីកូវីដ-១៩ ទាំងនេះសុទ្ធតែជាផលិតផលក្នុងស្រុក លើកលែងតែប្រេងឆា។ អង្ករចំនួន៥តោន ត្រូវបានទិញពីសហករណ៍កសិករ ស្ករត្នោតទិញពីអង្គការ HESED ដែលជាដៃគូសហការរបស់កយកា ដែលចំណូលបានពីការលក់ផលិតផលនេះ បានផ្តល់ជូនដល់ប្រជាជនក្រក្រី ដែលធ្វើការនៅក្នុងអង្គការនេះ។ ចំណែកម៉ាស បានទិញពីអង្គការ GOEL ដែលជាសហគ្រាសសង្គមជួយដល់ស្រ្តី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជនពិការបន្ទាយព្រាប ហើយថវិកាពីការចំណេញបានផ្តល់ជូនទៅដល់ស្រ្តី និងជនពិការនៅក្នុងមជ្ឈមណ្ឌលនេះ។
ការផ្តល់ជំនួយនេះ គឺជាផ្នែកមួយនៃគម្រោងឆ្លើយតបនឹងកូវីដ-១៩ ដែលមានទឹកប្រាក់ចំនួន ១លានដុល្លារ ដែលរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅប្រទេសកម្ពុជា ដែលកម្មវិធីបន្ទាប់នឹងមានការផ្តល់ជំនួយនូវ ទូរសុវត្ថិភាពដើម្បីយកសំណាកសម្រាប់ធ្វើតេស្តកូវីដ-១៩ (positive pressurized walk-through booth for quick and safe COVID-19 testing)។
សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសដៃគូ ហើយក៏ជាតំណាងរបស់អង្គភាពសហប្រតិបត្តិការអភិវឌ្ឍន៍ របស់សាធារណរដ្ឋកូរ៉េ ដែលអនុវត្តន៍កម្មវិធីថ្នាក់ជាតិ (គម្រោង/ការប្រឹក្សាអភិវឌ្ឍ) កម្មវិធីជាសកល (ក្រុមអ្នកស្ម័គ្រចិត្ត និងគម្រោងអភិវឌ្ឍធនធានមនុស្ស វគ្គបណ្តុះបណ្តាល ការសហការអន្តរជាតិ គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍បែបនាវានុវត្តន៍) ជំនួយមនុស្សធម៌ (ជំនួយបន្ទាន់សម្រាប់គ្រោះមហន្តរាយ) និង គម្រោងមូលនិធិសម្រាប់លុបបំបាត់ជំងឺឆ្លងជាអន្តរជាតិ៕