(កំពត)៖ ក្រុមការងារអន្តរក្រសួង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានបន្តបើកប្រជុំពិភាក្សាលើការងារផ្តល់គោលរបបឧបត្ថម្ភ ដល់ជនរងគ្រោះញៀនគ្រឿងញៀន កំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចអន្តរាគមន៍លេខ១១ ក្នុងខេត្តកំពត។

កិច្ចប្រជុំបានប្រព្រឹត្តទៅ ដោយមានការចូលរួមពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង សុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរខេត្កកំពតផងដែរ។

លោក ជា ចំណាន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា កន្លងមកក្រសួងបានចុះហត្ថលេខារួចហើយ លើលិខិតគោលការណ៍អនុញ្ញាតឱ្យដំណើការនូវ មជ្ឈមណ្ឌល ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចអន្តរាគមន៍លេខ១១ ខេត្តកំពត និងបានស្នើគោលរបបជូនមជ្ឈមណ្ឌលរួចដែរ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនទាន់សម្រេចផ្តល់ជូន ដោយការបំពេញមិនទាន់គ្រាប់លក្ខខណ្ឌ តម្រូវឱ្យកែសម្រួលបច្ចេកទេសឱ្យត្រូវតាមនីតិវិធីដើម្បីគ្រប់គ្រង។

នៅក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវការងារ២ចំណុច រួមមាន៖

១៖ ស្នើសុំឱ្យសមាជិកអង្គប្រជុំទាំងមូល ត្រូវតែរួមគ្នារៀបចំឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីសុំគោលរបបជូនជនរងគ្រោះ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចអន្តរាគមន៍លេខ១១។

២៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្តល់កិច្ចសម្របសម្រួលជូនក្នុងករណីមានភាពរាំងស្ទះឯកសារផ្សេងៗ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចអន្តរាគមន៍លេខ១១ ទទួលបានការអនុញ្ញាតបើកដំណើរការពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ និងបានចាប់ទទួលជនរងគ្រោះចូលមកសម្រាកព្យាបាល និងស្តារនីតិសម្បទា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។ តាំងពីបើកដំណើរការមក មជ្ឈមណ្ឌលនេះ មិនទាន់ទទួលបានគោលរបបសម្រាប់ផ្តល់ជូនជនរងគ្រោះ ដែលកំពុងស្នាក់នៅព្យាបាល និងស្តារនីតិសម្បទាផ្តាច់ភាពញៀននៅឡើយទេ៕