(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចោទជាសំណួរទៅកាន់អ្នកចូលរួមថា ហេតុអ្វីបានជា គ.ជ.ប នៅតែបន្តធ្វើកំណែទម្រង់ការបោះឆ្នោត? ហេតុអ្វីបានជាប្រធាន គ.ជ.ប ចាំបាច់ត្រូវចុះទៅជួបផ្ទាល់ជាមួយមន្ត្រីតាមបណ្តា លធ.ខប ទាំង២៥?
ការចោទជាសំណួររបស់លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានជួបសំំណេះសំណាលជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាល នៅទីស្តីការ គ.ជ.ប។
ឆ្លៀតនៅក្នុងឱកាសនោះប្រធាន គ.ជ.ប បានពន្យល់ថា ការធ្វើកំណែទម្រង់នេះ គ.ជ.ប តែងតែធ្វើជាបន្តបន្ទាប់ ព្រោះគ្មានការងារណាមួយធ្វើល្អឥតខ្ចោះនោះទេ។ ការកែទម្រង់ការបោះឆ្នោត គឺដើម្បីឱ្យសាធារណមតិគេទទួលស្គាល់ការពិតនៃការបោះឆ្នោតនៅកម្ពុជា ហើយគេនឹងមិនអាចបដិសេដបានជាពិសេសនឹងមិនមានការធ្វើបាតុកម្មពេញស្រុកទេស ដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសនោះទេ។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសមិនតិចជាង៤០ទេ ដែលមិនទាន់បានរកឃើញសុខសន្តិភាពក្រោយពេលមានបដិវន្តន៍ពណ៌។
ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា «បើទោះបីជាការបោះឆ្នោតកន្លងមក មានគេទទួលស្គាល់ហើយក៏ដោយ គ.ជ.ប នៅតែបន្តធ្វើការកំណែទម្រង់បន្ថែមទៀត ដើម្បីឱ្យមានការបោះឆ្នោតកាន់តែប្រសើរទៅៗ ធានាបាននូវសុវត្ថិភាព សន្តិភាពរបស់ស្រុកទេសយើង ហើយវាមិនមានការបែកបាក់ផ្ទៃក្នុង វាមិនស្អប់ខ្ពើមជាតិសាសន៍គ្នាឯង»។
បន្ថែមពីនេះ លោក ស៊ិក ប៊ុនហុក ក៏បានចោទជាសំណួរថា «បើអ៊ឹចឹង តើធ្វើនេះ សម្រាប់ប្រយោជន៍អ្នកណាហ្នឹង? មិនប្រយោជន៍ខ្មែរទាំងអស់គ្នាហ្នឹង។ ចូលរួមធ្វើការបោះឆ្នោតបានត្រឹមត្រូវ តាមបណ្តាគោលការណ៍ទាំងអស់ គឺគ្មានភាគីណាគេបដិសេធលទ្ធផលរបស់យើងទេ»៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖