(ពោធិ៍សាត់)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវនិមិត្តសញ្ញា «ខេត្តពោធិ៍សាត់» តាមប្រកាសលេខ ៣៤៧១ប្រ.ក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
ក្នុងប្រកាសនោះ ត្រង់ប្រការ៣ បានចែងថានិមិត្តសញ្ញាខេត្តពោធិ៍សាត់ ត្រូវបានប្រើប្រាស់ជាផ្លូវការដូចខាងក្រោម៖
* ដាក់នៅកន្លែងធ្វើការងារ
* ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ
* ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្តពោធិ៍សាត់
* ប្រើប្រាស់ជាផ្លូវការ ក្នុងករណីផ្សេងៗទៀតដែលចាំបាច់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ និម្មិតសញ្ញាខេត្តពោធិ៍សាត់ ត្រូវបានក្រុមប្រឹក្សាខេត្ត ប្រជុំពិនិត្យ និងអនុម័ត ដាក់សុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីអាចយកមកប្រើប្រាស់លើលិខិត រដ្ឋបាលជាផ្លូវការ និងអាចសាងសង់ក្លាយជាកន្លែងគោរពបូជា ដែលមានការទាក់ទាញពីភ្ញៀវទេសចរណ៍។
ចំពោះនិម្មិតសញ្ញានោះមានធាតុផ្សំ «ទឹក ដី មនុស្ស និងប្រវត្តិសាស្រ្ត» ដែលបង្ហាញពីប្រភពធនធានធម្មជាតិ ដ៏សម្បូរបែបក្នុងការអភិវឌ្ឍ ផ្តើមចេញពីភាព ឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋ លើទឹកដីដ៏អំណោយផល ទើបយើងអាចកំណត់បានជានិមិត្តសញ្ញាសម្គាល់ខេត្តដូចខាងក្រោម៖
*ទី១៖ រូបមនុស្សជិះសេះស្ពាយដាវ តំណាងឱ្យវីរភាពដ៏អង់អាចក្លាហានរបស់ឧកញ៉ាពញាសួគ៌ា លោកតា ឃ្លាំង មឿង រួមទាំងក្រុមគ្រួសាររបស់លោក ដែលសុខចិត្ត លះបង់ធ្វើពលីកម្មបូជានូវអាយុជីវិត ឥតស្តាយស្រណោះដើម្បីបុព្វហេតុជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និងជាគំរូដ៏ល្អមួយសម្រាប់ដល់មនុស្សជំនាន់ក្រោយ ឱ្យខិតខំការពារកសាងជាតិមាតុភូមិឱ្យបានគង់វង្ស និងរុងរឿង។
*ទី២៖ រូបតំបន់ជួរភ្នំក្រវាញ (ផ្ទៃខាងក្រោយរូបសេះ) ភ្នំក្រវាញជាឈ្មោះភ្នំមួយនៅក្នុងខេត្តពោធិ៍សាត់ សម្បូរទៅដោយធនធានរ៉ែធម្មជាតិ អនុផលព្រៃឈើ រុក្ខជាតិជា ឱសថបុរាណ និងជាជម្រកនៃសត្វព្រៃគ្រប់ប្រភេទ។ ជួរភ្នំក្រវាញ គឺជាប្រភពនៃទឹកសម្រាប់ការងារកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ព្រមទាំងជាប្រភពថាមពលវារីអគ្គិសនី និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែបដ៏មានសក្ដានុពលនៃខេត្ត។
*ទី៣៖ រូបដីឬផែនថ្ម ដែលសេះឈរពីលើតំណាងឱ្យធនធានរ៉ែធម្មជាតិ ដ៏សម្បូរបែបរបស់ខេត្តដូចជា ប្រភពរ៉ែថ្មកែវ ដែលជាថ្មមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ជាថ្មដែលគេយកទៅច្នៃជាផលិតផលសិល្បៈសូនរូបផ្សេងៗ។
*ទី៤៖ ដើមពោធិ៍ និងក្រូចពោធិ៍សាត់៖ ដើមពោធិ៍ គឺតំណាងឱ្យប្រវត្តិនៃឈ្មោះរបស់ខេត្តពោធិ៍សាត់ ដែលមកពីពាក្យដើមគឺ (ពោធិ៍សាត់) មានចំនួន ១២សន្លឹក តំណាងឱ្យគុណអ្នកម្តាយ។ ក្រូចពោធិ៍សាត់តំណាងឱ្យផលានុផលផ្លែឈើដែលត្រូវបានដាំ ក្នុងសម័យអាណានិគមនិយមបារាំង ក្នុងភូមិដប់បាត ស្រុកបាកាន ខេត្តពោធិ៍សាត់ ដំបូងគេនៅកម្ពុជា ដោយស្ថានីយស្រាវជ្រាវដើមក្រូចមុនឆ្នាំ១៨៦៣ ហើយមានចំនួន ២១ផ្លែ តំណាងឱ្យគុណលោកឪពុក។
*ទី៥៖ ផ្ទៃទឹក និងត្រី តំណាងឱ្យបឹងទន្លេសាបដែលជាអាងស្តុកទឹកដ៏សំខាន់ និងជាដែនជម្រកមច្ឆាជាតិគ្រប់ប្រភេទ ដែនជម្រកជីវៈចម្រុះ និងសម្រាប់បម្រើ ឱ្យតម្រូវការជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។
*ទី៦៖ រូបគួរស្រូវក្រងជារង្វង់ស្នែងក្របី បង្ហាញអំពីភាពសម្បូរបែបនៃដំណាំស្រូវ ដែលលាតសន្ធឹងលើផ្ទៃដីកសិកម្មដ៏ធំទូលាយ ជាគ្រឹះរឹងមាំសម្រាប់ខឿនសេដ្ឋកិច្ចជាតិ។
*ទី៧៖ បូ (ពណ៌ក្រហម ខៀវ និងបៃតង) តំណាងឱ្យជាតិដែលប្រជាពលរដ្ឋទាំងមូលនៅក្នុងខេត្តពោធិ៍សាត់ នាំគ្នាស្តារ និងលើកស្ទួយក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
*ទី៨៖ អក្សរ «ខេត្តពោធិ៍សាត់» បញ្ជាក់ថាប្រជាជនខេត្តពោធិ៍សាត់ គោរពយ៉ាងខ្ជាប់ខ្ជួន និងបំពេញភារកិច្ចជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយជ្រកក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
*ទី៩៖ ក្រវាញ គឺជារុក្ខជាតិផ្តល់នូវដើម ផ្កា និងផ្លែ សម្រាប់ប្រើប្រាស់ជាអាហារ និងឱសថមានឈ្មោះល្បីល្បាញជាយូរលង់ណាស់មកហើយ ជាមួយឈ្មោះជួរភ្នំក្រវាញ និងរបាំបេះក្រវាញ៕