(ភ្នំពេញ)៖ នៅក្នុងឆ្នាំសិក្សា២០២០ ២០២១នេះ វិទ្យាស្ថានជាតិអប់រំនឹងរៀបការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី២ ចំនួន៣០នាក់ ដោយក្នុងចំណោមនោះមានអាហារូបករណ៍ចំនួន១០កន្លែង និងនិស្សិត២០រូបផ្សេងទៀតនឹងត្រូវបង់ថ្លៃ។
បន្ទាប់ពីឆ្លងកាត់ការប្រឡងជ្រើសរើសហើយការសិក្សា នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនេះគឺជាការសិក្សាក្នុងថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងអាទិត្យ)។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។
ចំពោះលក្ខខណ្ឌនៃការប្រឡងជ្រើសរើស គឺក្នុងចំណោមបេក្ខជនដែលកំពុងបម្រើការងារនៅអង្គភាពនានា ក្រោមឱវាទទីស្តីការក្រសួងអប់រំយុវជន និងកីឡា និងមន្ទីរអប់រំយុវជននិងកីឡារាជធានី-ខេត្ត ឬជនជាតិបរទេសដែលមាន៖
* បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូលឬ
* បរិញ្ញាបត្រមុខជំនាញផ្សេងទៀតតែមានសញ្ញាបត្រភាសាបារាំង ចាប់ពីកម្រិតDELFB2 ឬ
* ជាគ្រូបង្រៀនដែលមានបទពិសោធន៍ក្នុងការបង្រៀនភាសាបារាំង៥ឆ្នាំ និងមានបរិញ្ញាបត្រផ្សេងទៀត ហើយមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELFB1។
ការទទួលពាក្យសុំចុះឈ្មោះប្រឡង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច នៅផ្នែកបណ្តុះបណ្តាលគ្រូភាសាបារាំងនៃវិទ្យាស្ថានជាតិអប់រំ។ កាលបរិច្ឆេទនៃសម័យប្រឡង នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ បេក្ខជនដែលចាប់អារម្មណ៍អាចទាញយកពាក្យសុំ ពីក្នុងអាសយដ្ឋានអេឡីចត្រូកនិក ខាងក្រោមនេះ បានតាមរយៈ៖ www.moeys.gov.khឬwww.nie.edu.kh។
វិញ្ញាសាប្រឡងរួមមានវិញ្ញាសាភាសាបារាំង និងវិធីសាស្ត្របង្រៀនរយៈពេល៣ម៉ោង មេគុណ២ និងវិញ្ញាសាវប្បធម៌ទូទៅរយៈពេល ១ម៉ោង៣០នាទីមេគុណ១។
សម្រាប់ព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចទាក់ទងជាមួយវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈលេខទូរសព្ទ ០១២ ៨៤៧ ៨៤៣ និង០១២ ៨៣៧ ៧៤៦៕