(កំពង់ចាម)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានប្រាប់ទៅប្រជាពលរដ្ឋ ភាគច្រើនជាមនុស្សចាស់ៗ នៅស្រុកជើងព្រៃថា សូមបញ្ឈប់ការជឿទៅលើការឃោសនា នៃការបោកប្រាស់របស់គណបក្សប្រឆាំង ដែលមិនទាន់បានធ្វើផងបែរជាសន្យា ដូចជាថាឲ្យលុយចំនួន៤ម៉ឺនរៀល និងការឧបត្ថម្ភផ្សេងៗ ជាពិសេសដល់មនុស្សចាស់ៗ ប៉ុន្តែជាលទ្ធផល រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ មិនទាន់បានទទួលអ្វីនោះឡើយ។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ម៉ា ឈឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកជើងព្រៃខាងលើនេះ ខណៈដែលនាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារ អញ្ជើញចុទៅបញ្ចុះបឋមសិលា សាងសង់សាលាវិបស្សនាធុរៈ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ នាវត្តឫស្សីជ្រោយ ហៅវត្តតាសែន ស្ថិតភូមិតាសែន ឃុំសូទិព្ទ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០១៦។
នៅចំពោះមុខព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋ ដែលភាគច្រើនជាមនុស្សចាស់ៗ ធ្លាប់ឆ្លងកាត់សម័យសង្គ្រាមនោះ នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានផ្តាំផ្ញើការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភា ដែលមិនភ្លេចចំពោះការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនោះឡើយ នៅទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ បានលើកឡើងថា សម្រាប់គណបក្សប្រឆាំង រហូតមកដល់ពេលនេះ តើមានបានធ្វើអ្វីសម្រាប់ប្រទេសជាតិ និងប្រជាជន មានតែទៅអំពាវនាវដល់បរទេស កុំឲ្យផ្តល់ជំនួយដល់កម្ពុជា និងរកវិធីគ្រប់បែបយ៉ាង ដើម្បីបង្អាក់ការដឹកនាំរបស់រាជរដ្ឋាភិបាល ប៉ុន្តែផ្ទុយទៅវិញថ្នាក់ដឹកនាំ គណបក្សប្រជាជន និងរាជរដ្ឋាភិបាលបានខិតខំ និងអត់ធ្មត់ គ្រប់បែបយ៉ាងដើម្បីដឹកនាំនាវា កម្ពុជាឲ្យរួចផុតពីភាពក្រីក្រ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍បានរំលឹកថា នាពេលកន្លងទៅគណបក្សប្រឆាំង បានធ្វើអ្វីគ្រប់បែបយ៉ាងដូចជា ការតវ៉ាប្រឆាំង និងវាយក្រុមសន្តិសុខ ប៉ុន្តែនៅពេលនោះ រាជរដ្ឋាភិបាល បានរក្សាភាពអត់ធ្មត់គ្រប់បែបយ៉ាង លើការដោះស្រាយបញ្ហា ពីព្រោះយល់ឃើញថាប្រជាពលរដ្ឋមួយចំនួន ត្រូវបានជឿលុងខ្លួន ដោយការឃោសនា របស់មេដឹកនាំគណបក្សមួយនេះ។
នៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ក៏បានឲ្យលោកតា លោកយាយ បិទភ្នែក៥វិនាទី ដើម្បីរំលឹកដល់អ្នកដែលបានជួយសង្រ្គោះយើង ឲ្យរួចផុតពីរបបប៉ុលពត។ ក្រោយបញ្ចប់កម្មវិធី លោក ម៉ា ឈឿន បានឧបត្ថម្ភថវិកា៤លានរៀល ដើម្បីសាងសង់សាលាវិបស្សនាធុរៈ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយលោកក៏បានប្រកាសថា នៅខែមីនា ឆ្នាំ២០១៦ខាងមុខនេះ លោកនឹងធ្វើបុណ្យផ្កា រៃអង្គាសប្រាក់ដើម្បីយកមកកសាង សាលាវិបស្សនាធុរៈមួយនេះផងដែរ៕