(សៀមរាប)៖ មុនពេលអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍សភានិយាយភាសាបារំាង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ នាសណ្ឋាគារ Angkor Palace Resort & Spa នាខេត្តសៀមរាប សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូសភា ប្រទេសនិយាយភាសាបារាំង ចូលជួបសម្តែងការគួរសម។
សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍វត្តមានរបស់ លោក លោកស្រីប្រធាន អនុប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ នៃសភាប្រទេសនិយាយភាសាបារាំង នៅលើទឹកដីអង្គរ នាឱកាសនេះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ សភានិយាយភាសាបារាំង ដែលសភាកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះម្តងហើយ កាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ ដូច្នេះទើបនៅលើកនេះ សភាកម្ពុជា បានសម្រេចរៀបចំកិច្ចប្រជុំនេះ នៅលើទឹកដីអង្គរវិញម្តង ដើម្បីផ្តល់ជូននូវបរិយាកាសថ្មី រីករាយ ជូនដល់លោក លោកស្រី បានឃើញដោយផ្ទាល់ នូវទីក្រុងប្រវត្តិសាស្រ្តរបស់កម្ពុជា និងបានទស្សនាប្រាង្គប្រាសាទបុរាណល្បីៗ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក មានអាយុកាលជាច្រើនសតវត្សរ៍។
សម្តេចពញាចក្រី ហេង សំរិន មានសង្ឃឹមថា វត្តមានលោក លោកស្រី គណៈប្រតិភូសភានិយាយភាសាបារំាង នៅលើទឹកដីអង្គរនាពេលនេះ នឹងជួយផ្សព្វផ្សាយបន្តឲ្យពិភពលោក បានស្គាល់កម្ពុជាឲ្យកាន់តែច្បាស់។ សម្តេចបានស្នើគណៈប្រតិភូទំាងអស់មេត្តា ជួយជំរុញលើកទឹកចិត្ត ដល់ពលរដ្ឋរបស់ប្រទេសខ្លួន ឲ្យមកធ្វើទេសចរណ៍ នៅកម្ពុជាបានកាន់តែច្រើន។
សម្រាប់កិច្ចគណៈកម្មាធិការអចិន្រ្តៃយ៍ សភានិយាយភាសាបារំាង នាពេលនេះវិញ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនៅលើទឹកអង្គរនៅពេលនេះ នឹងប្រមូលផ្តុំនូវទស្សនៈល្អៗ ដើម្បីដាក់ចូល ក្នុងរបៀបវារៈសម្រាប់មហាសន្និបាតសភា និយាយភាសាបារាំងលើកទី៤២ នៅប្រទេសម៉ាដាកាស្កា នាខែកក្កដា ក្នុងឆ្នាំ២០១៦នេះ ដើម្បីធ្វើការពិភាក្សានិងអនុម័ត។
សូមរម្លឹកថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ សភានិយាយភាសាបារំាង ដែលសភាកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ មានប្រទេសចំនួន១៤ ក្នុងចំណោម ប្រទេសជាសមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍ចំនួន១៦ចូលរួម ដែលមានគណៈប្រតិភូចំនួនជាង៧០រូប៕