(កំពង់ស្ពឺ)៖ ដីទំហំជាង១០០ហតា ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ចេញដោយមន្ទីរសុរិយោដីខេត្ត ត្រូវមនុស្សមួយក្រុម បានកេណ្ឌទៅចាប់រំលោភធ្វើជាកម្មសិទ្ធិឯកជន ដោយគ្មានខ្លាចពីចំណាត់ការរបស់អាជ្ញាធរ និងមន្រ្តីជំនាញនោះឡើយ។

តាមព័ត៌មានពីប្រជាពលរដ្ឋដែលមានដីធ្លីស្របច្បាប់នៅទីនោះ និងអាជ្ញាធរមូលដ្ឋាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះថា អ្នករំលោភយកដីទាំងនោះ ម្តងមាន៦គ្រួសារ ម្តងមាន១២គ្រួសារ និងថានេះជាធ្វើស្រែរបស់ពួកគាត់យូរមកហើយ តែត្រូវបានស្រ្តីម្នាក់ឈ្មោះ ឈឿន ឈុងហៀង ធ្វើប្លង់រំលោភយក ប៉ុន្តែអាជ្ញាធរថា អ្នកទាំង១២គ្រួសារ ជាអ្នកចំណាកស្រុកមកពីស្រុកផ្សេង មកចូលរួមកាប់ស្ការព្រៃរំលោភដីប្លង់រឹងរបស់ឈ្មោះ ឈឿន ឈុងហៀង ទៅវិញទេ។

យោងតាមឯកសាររបស់អាជ្ញាធរបានបញ្ជាក់ថា ម្ចាស់ដីបានដាក់ពាក្យធ្វើប្លង់កាន់កាប់តាំងពីឆ្នាំ២០១៨ មានន័យថាអាជ្ញាធរចាប់ផ្តើមចុះអង្កេតតាំងពីមុនទៅទៀត រួចហើយអាជ្ញាធរបានបិទផ្សាយ ជាផ្លូវការមុននិងឈានទៅឃ្វៀលដីទៅឲ្យនណាម្នាក់។ ប៉ុន្តែស្រាប់តែឆ្នាំ២០១៩ មានមនុស្សមួយក្រុម បានមកកាប់ព្រៃរុករានទន្ទ្រានដីក្នុងប្លង់រឹង។

ទន្ទឹមគ្នានេះ ស្រ្តីម្នាក់ក្នុងចំណោមពលរដ្ឋ១២គ្រួសារ ដែលរងការចោទថាបានរំលោភដី បានសុខដើរចេញ និងបានរៀបរាប់ក្នុងលិខិតថា «នាងខ្ញុំមិនចង់ដឹងឮរឿងរ៉ាវអ្វីទេ មិនបានដីពាក់ព័ន្ធទៀតទេ។ ចង់បានតែសុខ សម្រាប់រកស៊ីចិញ្ចឹមជីវិត និងកូនៗ ឈប់ពាក់ព័ន្ធបញ្ហាទាំងនេះទៀតហើយ។ ស្រ្តីដែលបានចាកចេញពីការរំលោភដីគេ បានសូមណូមពរចំពោះអាជ្ញាធរភូមិ-ឃុំ ឲ្យជួយដឹងឮ ដោយបានសារភាពថា ឈប់ធ្វើជាកូនអុកឲ្យអ្នកណាទៀតហើយ។

ពាក់ព័ន្ធរឿងនេះក៏មានប្រជាជនជាង១០០គ្រួសារ បានព្រមគ្នាផ្តិតមេដៃដោយបដិសេធចំពោះមុខអាជ្ញាធរថា បុគ្គលដែលកំពុងរំលោភយកដីលោកស្រី ឈឿង ឈុនហៀង គ្មានដីពិតប្រាកដនៅកន្លែងដែលពួកគេកេណ្ឌគ្នារំលោភនោះឡើយ។ យោងលើលិខិតរបស់មេឃុំតាសាល លោក ឌុល សុខុម ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានសសេរថា «យើងមេឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឃើញលិខិតបដិសេធរបស់លោកមេភូមិតាសាល ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។ បានឃើញលិខិតបដិសេដ្ឋរបស់លោក សន សៀង ជំទប់ទី១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ តាងនាមលោកជាមេឃុំបានឯកភាព និងបដិសេធលើលិខិតស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ របស់ឈ្មោះ ប៊ុត ប៊ុតធៀង ពីព្រោះលិខិតនោះមិនប្រកតី (ដោយការគំរាមកំហែង)។

លោក មួង ធី អភិបាលស្រុកឱរ៉ាល់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ករណីប្រជាពលរដ្ឋចូលកាន់កាប់ដីកម្មសិទ្ធិខាងលើ គឺលោកបានឲ្យជំនាញកោះហៅមកដោះស្រាយហើយ តែពួកគាត់មិនព្រមទទួលយកការពិតទេ។ ពលរដ្ឋទាំងនោះមិនមានដីអាស្រ័យផលនៅទីនោះទេ ពោលគឺពួកគាត់ទន្ទ្រានដីលើប័ណ្ណកម្មសិទ្ធិ របស់គេទាំងស្រុង។ មួយវិញទៀតទន្ទ្រានទាំងកម្មសិទ្ធិ និងអាស្រ័យផលរបស់ពលរដ្ឋដូចគ្នាថែមទៀត។ អាជ្ញាធរ នឹងបន្តពិនិត្យ និងចាត់វិធានការតាមច្បាប់តទៅទៀត៕