(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល នៅទីស្នាក់ការកណ្ដាល បានរៀបចំកិច្ចប្រជុំមួយក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរ ប្រារព្ធខួបទី១៥៣ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
ក្រោយពីអង្គប្រជុំ បានអានសេចក្ដីសម្រេចស្ដីពីការចាត់តាំង គណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសេចក្ដីសម្រេច ស្ដីពីការរៀបចំព្រះរាជបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចប់រួចមក សម្ដេចចៅហ្វាវាំង គង់ សំអុល បានណែនាំដល់អនុគណៈកម្មការនីមួយៗ នូវចំនុចការងារមួយចំនួន ដែលត្រូវអនុវត្ត និងឲ្យអនុគណៈកម្មការនីមួយៗ មានយោបល់ និងលើកជាសំនូមពរ ដាក់ជូនអង្គប្រជុំពិនិត្យ-សម្រេច និងបញ្ហាមួយចំនួន នឹងត្រូវសុំការពិនិត្យ-សម្រេច ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។
បន្ទាប់មកអង្គប្រជុំ បានដំណើរការពិភាក្សា ដោយយកចិត្តទុកដាក់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមរបៀបវារៈ ដែលបានគ្រោងទុកដូចខាងក្រោមនេះ៖
១-អំណានសេចក្តីសម្រេចស្តីពីការចាត់តាំង គណៈកម្មការរៀបចំខួបទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ និងសេចក្ដីសម្រេចស្ដីពីចាត់តាំង គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
២-ការណែនាំអំពី តួនាទី ភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ
៣- មតិអង្គប្រជុំ
៤-ផ្សេងៗ៕