(បន្ទាយមានជ័យ)៖ សមត្ថកិច្ចថៃ បានចាប់ទំនិញអាជីវករខ្មែរនៅផ្សាររូងក្លឿប្រទេសថៃ ក្រោយនាំចូលតាមច្រករបៀងទៅលក់នៅទីនោះ ខណៈក្នុងស្ថានភាពកំពុងទប់ស្កាត់កូវីដ១៩។

កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចថៃ បានចាប់ទំនិញអាជីវករកម្ពុជា ដែលក់ដូរនៅផ្សាររូងក្លឿដូចជា៖ ខោអាវកីឡា កម្រាលភួយ កាបូបស្ត្រី និងទំនិញផ្សេងៗទៀត ដោយចោទប្រកាន់ពីបទរំលោភកម្មសិទ្ធិបញ្ញា។

សូមបញ្ជាក់ថា ថៃបានបិទច្រកព្រំដែនជាមួយកម្ពុជា ដើម្បីទប់ស្កាត់កូវីដ១៩ ហើយអភិបាលខេត្តស្រះកែវ និងអភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចឲ្យក្រុមអាជីវករខ្មែរចូលទៅមើលទំនិញ១ថ្ងៃ និងអាចនាំរថយន្តចូល៥០គ្រឿង និងមនុស្ស១០០នាក់ ដោយក្នុងរថយន្ត១គ្រឿងអាជិះគ្នាបាន២នាក់ ម្នាក់ជាបើកបរ និងម្នាក់ទៀតជាអ្នករួមដំណើរ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១រសៀល។

តាមប្រភពព័ត៌មានពីថៃ បានឲ្យដឹងថា អាជីវករខ្មែរ៨នាក់ រួមជាមួយរថយន្ត១គ្រឿង ត្រូវបានឃាត់ខ្លួន។

មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈមច្រកក្លងលឹកប្រទេសថៃ ត្រូវបានថៃបិទច្រកព្រំដែនដើម្បីបង្ការទប់ស្កាត់កូវីដ១៩ ដោយអភិបាលខេត្តជាប់ជាយដែនទាំងពីរ បានសម្របសម្រួលឲ្យអាជ្ញាធរចេញចូលមានកំណត់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា អាជីវករខ្មែរដែលចូលទៅមើលទំនិញផ្សាររូងក្លឿ មានជាប្រចាំដោយកំណត់១ថ្ងៃ រថយន្ត៥០គ្រឿង ហើយពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចថៃ ចាប់ទំនិញអាជីវករនៅផ្សាររូងក្លឿ លោកមិនទាន់បានដឹងឡើយព្រោះក្នុងទឹកដីថៃ។

លោកបានបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ រាជរដ្ឋាបាលកម្ពុជាបានណែនាំឲ្យកម្លាំងឈជើងតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ឲ្យបានចំពោះពលករចំណាកស្រុកខុសច្បាប់ ហើយពលករដែលចូលទៅថៃខុសច្បាប់ ហើយត្រូវថៃចាប់បាន ត្រូវបញ្ជូនតាមច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ឲ្យមន្ត្រីចាក់តាឡីស័ក ពិនិត្យហើយបញ្ចូនទៅមូលដ្ឋានវិញ៕