Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ រកឃើញសារធាតុគីមី នៅលើស្ករត្នោត ដាក់លក់នៅផ្សារច្បារអំពៅ

28-01-2016 13:44

(ភ្នំពេញ)៖ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយជាគណៈកម្មការផ្សារច្បារអំពៅ បានចុះត្រួតពិនិត្យ ស្ករត្នោត ដែលដាក់លក់នៅច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលរកឃើញ សារធាតុគីមីនៅលើស្ករត្នោតទាំងនោះដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅពេលបរិភោគ។

លោក ប៊ុន សុខូម៉ា អនុប្រធានសាខា បានឲ្យដឹងថា មន្រ្តីរបស់ខ្លួនចុះត្រួតពិនិត្យ ទៅលើផលិតផលដែល មិនទាន់ចំអិន ឬមិនទាក់កែច្នៃ ជាពិសេសស្ករត្នោត ដែលកំពុងចរាចរ ដាក់លក់នៅតាមដេប៉ូស្ករក្នុងផ្សារ។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើតេស្តជាបឋម ទៅលើផលិតផលស្ករត្នោត នៅតាមតូបចែកចាយចំនួន ២តូប ជាលទ្ធផលឃើញមានវត្តមាន សារធាតុហាមឃាត់ Sodium hydrosulfite (ម្សៅស) ជាសារធាតុគីមី អាចបង្កគ្រោះថ្នាក់ដល់សុខភាព។

មន្រ្តីកាំកុងត្រូលបានធ្វើកំណត់ហេតុបញ្ឈប់ការលក់ ជាបណ្តោះអាសន្នសិន នូវស្ករត្នោតចំនួន១០០គីឡូក្រោម នៅតាមតូបលេខ១៦៤ រង់ចាំការវិភាគបន្ថែម ពីមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល។ លោកអនុប្រធានសាខាបានបញ្ជាក់ថា «សារធាតុដែល អ្នកលក់បានដាក់បន្ថែម ក្នុងផលិតផលអាហារ ធ្វើឲ្យអាហារមានភាពស និងមានភាពស្រស់ បានយូរមិនឆាប់ជាំខ្មៅ បាត់សោភ័ណ្ឌភាព»។ ប៉ុន្តែសារធាតុនេះ ត្រូវបានគេហាមឃាត់មិនឲ្យប្រើ ក្នុងផលិតផល ម្ហូបអាហារនោះទេ។

ផលប៉ះពាល់ដល់សុខភាព អាចបណ្តាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាបវិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាគរូសសម្រាប់អ្នក ទាស់ចំណីអាហារធ្ងន់ធ្ងរ ឬអ្នកជម្ងឺដែលមានរោគហឺត វាអាចបណ្តាលឲ្យរន្ធត់ញាប់ញ័រ ភ្លឹកបាត់ស្មារតី និងអាចស្លាប់បាន។ លោកអនុប្រធានបានធ្វើការណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណប្រភព អាសយដ្ឋាន របស់អ្នកដែលយកមកលក់ ឲ្យខ្លួន ឬវិក្កយបត្រទូទាត់ឲ្យបានត្រឹមត្រូវជាព័ត៌មាន ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលដែលមានសារធាតុនេះ៕