(ភ្នំពេញ)៖ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានទូលថ្វាយព្រះអង្គ អំពីការទទួលបាននូវព្រះរាជទ្រព្យចំនួន១ពាន់ដុល្លារ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២០ រួចមក ព្រះអង្គបានផ្ញើព្រះរាជសារលិខិតឆ្លើយតបចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងព្រះរាជសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំបានទទួលរួចហើយ នូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ អំពីការទទួលព្រះរាជទ្រព្យចំនួន១,០០០ដុល្លារ សម្រាប់ឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ប្រចាំខែសីហា ឆ្នាំ២០២០។
ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត និងសូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ សមាជិក សមាជិកាមន្ត្រី ព្រមទាំងបុគ្គលិកទាំងអស់ នៃ កាកបាទក្រហមកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារលិខិតឆ្លើយតបរបស់ព្រះករុណា ព្រះមហាក្សត្រ ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖