(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានផ្សព្វផ្សាយនូវកម្មវិធីថ្មីរបស់ខ្លួនមួយដែលមានឈ្មោះថា «កម្មវិធីដាក់ដំណើរការប្រព័ន្ធសមាជិកភាព ស.ស.យ.ក. និងជាភាសាអង់គ្លេស Launching of UYFC Lifestyle Membership Card and App»។
ក្នុងការផ្សព្វផ្សាយទាំងពីរលើក នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ ស.ស.យ.ក.បានរៀបរាប់លើកទីមួយ ពាក់ព័ន្ធទៅនឹងកាតសមាជិកភាពដែលមានទម្រង់ដូចជាកាតធនាគារ ថា «នឹងមកដល់ឆាប់ៗនេះ អ្វីដែលជាមោទនភាពកាន់តែប្រសើរសម្រាប់សមាជិក សមាជិកា ស.ស.យ.ក.។ សូមរង់ចាំទទួលយកនូវបទពិសោធន៍ថ្មី និងការផ្តល់ជូនសម្បូរបែប ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសម្រាប់សមាជិក សមាជិកាក្រុមគ្រួសារយុវជនកម្ពុជា។ ជាមួយអតីតកាល ស.ស.យ.ក. សម្លឹងឆ្ពោះទៅមុខ»។
នាល្ងាចថ្ងៃដដែលនេះផងដែរ ស.ស.យ.ក. ក៏បានបង្ហាញនូវសមិទ្ធផលទី២ ដែលជាកម្មវិធីទូរស័ព្ទ UYFC App ដែលក្នុងនោះ ស.ស.យ.ក. បានបង្ហាញខ្លឹមសារខ្លីថា «ក្រៅពីប័ណ្ណសមាជិកភាព ស.ស.យ.ក. យើងក៏នឹងមានអ្វីដែលកាន់តែពិសេសថែមមួយកម្រិតទៀត សម្រាប់ជាបទពិសោធន៍ថ្មី និងជាវេទិកាដែលផ្តល់ការងាយស្រួលដល់ទំនាក់ទំនង និងការចែករំលែកព័ត៌មាន រួមជាមួយនឹងការផ្តល់ជូនដ៏សម្បូរបែបជាច្រើនទៀត នោះគឺកម្មវិធីទូរស័ព្ទ UYFC App។ សូមរង់ចាំទទួលយកបទពិសោធន៍ថ្មីជាមួយគ្នា»។
មន្ត្រីជាន់ខ្ពស់ ស.ស.យ.ក. បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «នៅថ្ងៃស្អែក ស.ស.យ.ក. នឹងបង្ហាញនូវទម្រង់ នៃប្រព័ន្ធសមាជិកភាពរបស់ខ្លួន ជាមួយបទពិសោធន៍ថ្មី ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនសម្រាប់សមាជិក សមាជិការបស់ខ្លួនទូទាំងប្រទេស ក៏ដូចជានឹងដាក់ដំណើរការប្រព័ន្ធសមាជិកភាពនេះជាផ្លូវការ ចាប់ពីថ្ងៃស្អែកនេះតទៅ»។
លោកបានបន្ថែមផងដែរថា «យើងនឹងមានអ្វីដែលពិសេស សម្រាប់ជាការតបស្នងសងគុណដល់សមាជិក សមាជិកាយើង។ សូមរង់ចាំតាមដាន ហើយទទួលយកបទពិសោធន៍ថ្មីៗ និងអត្ថប្រយោជន៍ល្អៗ ជាមួយយើងខ្ញុំទាំងអស់គ្នា»៕