(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ បានយកកាំបិតចាក់ជាងថតរូបម្នាក់ស្លាប់ នៅខេត្តកណ្តាល រួចរត់ទៅលាក់ខ្លួនអស់៨ថ្ងៃ នៅខេត្តពោធិ៍សាត់ ទើបត្រូវសមត្ថកិច្ចចាប់បាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។

ហេតុការណ៍ចាក់សម្លាប់ខាងលើ បានកើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨៖៥៥នាទី នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លី ពិសី ហៅពីរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ)។ ចំណែកឯជនសង្ស័យឈ្មោះ គក សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ក្រោយហេតុការណ៍កើតឡើង ជនសង្ស័យបានគេចខ្លួនមកសំងំរស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដេកនៅផ្ទះសំណាក់ ផ្លូវវ៉េងស្រេង អស់២យប់ ទើបបន្តដំណើរ មកដល់ក្រុងពោធិ៍សាត់ ចាប់ខ្លួនបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦៖០០នាទីនេះតែម្តង។ ចំពោះវត្ថុតាងចាប់យក គឺកូនកាំបិតចិតបន្លែ ១ដងពណ៌ខ្មៅ។

របាយការណ៍ដដែលនេះ បានរៀបរាប់សភាពរឿងហេតុថា នៅថ្ងៃកើតហេតុ ជនសង្ស័យ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នា បន្ទាប់មកជនសង្ស័យបានយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ហើយបានស្លាប់នៅមន្ទីរពេទ្យ។

សមត្ថកិច្ច បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ស្វែងរកមុខសញ្ញាករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសខាងលើនេះ ដោយមានកិច្ចសហការ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលរបស់លោក ព្រះរាជអាជ្ញា ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់៕